(ភ្នំពេញ)៖ ក្រុមហ៊ុន Sun Music Group បានស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគនៅកម្ពុជា និងស្នើសហការក្នុងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមពីផលិតកម្មនិងតារាល្បីៗជប៉ុនជាទូតទេសចរណ៍ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។
ការណ៍នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group នារសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ជំនួបពិភាក្សាការងារនេះធ្វើឡើងក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនាយកក្រុមហ៊ុន និងសហការីដែលបានមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕