(សៀមរាប)៖ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ នឹងរៀបចំឡើងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ហើយនឹងចូលរួមជាអធិបតីពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនកម្ពុជានិងឥណ្ឌា។
វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤នេះស្ថិតនៅក្រោមក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤»។
វេទិកាដ៏មានសារសំខាន់នេះ លោករដ្ឋមន្ត្រីនឹងមានកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដែលមានការចូលរួមពីស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនដែលធ្វើអាជីវកម្មក្នុងទីផ្សារទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា៕