(សៀមរាប)៖ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទមានដូចជា៖ សំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំមានសហគមន៍មនុស្ស។ ហេតុនេះតំបន់ភ្នំគូលែន បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩ រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិផងដែរ។

ភ្នំគូលែន ជាទីតាំងបុរាណដែលបានបង្កប់នូវអត្ថន័យខាងជំនឿសាសនាជាច្រើនបានបន្សល់ទុកពីសម័យបុរាណ។ ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍ មួយនេះណាស់។ លើសពីនេះទៅទៀតភ្នំគូលែន មានឈ្មោះដើមថា មហិន្ទ្រព័ត ជាទីតាំងសក្ការមួយដែលមានភាពល្បីល្បាយផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងជាអតីតរាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឱ្យសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរ បានចាក់ផុតពីការគ្រប់គ្រងរបស់ពួកជ្វា។

រហូតមកបច្ចុប្បន្ននេះ អតីតរាជធានីនៃអាណាចក្រខ្មែរ ដ៏រុងរឿងមួយនេះត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដែលមានសក្តានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ ព្រមទាំងមានតំបន់ទេសភាពប្លែកៗជាច្រើនទៀត។

ក្រសួងបរិស្ថាន ក្រោមការគាំទ្ររបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននឹងកំពុងជួយលើការរៀបចំផែនការ និង គ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់សាងសង់ ស្នាក់ការ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ ក្នុងនោះរួមមានសាងសង់ ផ្លូវ កៅស៊ូ អគារពហុបំណង (អាហារដ្ឋាន និងសាលប្រជុំ) ទីលានបោះជំរំ ការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍ ក្លោងទ្វារ ចំណតយានយន្ត ខ្យូសលម្ហែកាយ តូប លក់អាហារជាដើម និងចូលរួមជួយពង្រឹងខ្សែច្រវាក់ទេសចរណ៍នៅសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥។

CSLEP ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជាដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួង​អភិវឌ្ឍ​ជនបទក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក មូលនិធិ​បរិស្ថាន​សកលនិង​រាជរដ្ឋាភិបាល​កម្ពុជា​។គម្រោង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ ជំរុញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិនិង​បង្កើន​សង្វាក់​តម្លៃ​អនុផល​ព្រៃឈើ នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញនិង​បឹង​ទន្លេសាប ដែលបាន​​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម​លើ​ខេត្ត​គោលដៅ​ចំនួន៧​រួមមាន​៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និង​កំពង់ឆ្នាំង​។

ដើម្បី​ពង្រឹង និង​ជួយ​សម្រួល​ដល់​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​អភិវឌ្ឍ​តំបន់អេកូ​ទេសចរណ៍ក្រសួងបរិស្ថាន​បានប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គោលការណ៍​ណែនាំ​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខ្នាតតូចស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​។ សៀវភៅ​គោលការណ៍​ណែនាំ​នេះ​ក៏បាន​ចែកជូន​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

ជាក់ស្តែងថ្មីៗនេះគម្រោង CSLEP បានរៀបចំដំណើរទស្សនកិច្ចទេសចរណ៍នៅទីតាំងប្រវត្តិសាស្ត្រ ទឹកធ្លាក់ ពើងមួយចំនួន ក្នុងរយៈពេលពី២ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រពីធនាគារពិភពលោក ក្នុងគោលបំណងសិក្សាស្វែងយល់អំពីទីតាំងសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិ, ភ្ជាប់បណ្តាញទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍មូលដ្ឋាន និងការគាំទ្រគោលនយោបាយ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តលើការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ។

សូមជម្រាបថា តាមរយៈប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការងារនេះឆ្លុះបញ្ចាំងទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ មុំទី២ ចំណុចទី៤ និង៥ គឺ «ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ» ដោយបានប្រកាសកំណត់យកឧទ្យានជាតិ «ភ្នំគូលែន» ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ។

បច្ចុប្បន្ននេះ ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ (៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។

ការរៀបចំគោលដៅលំហែបៃតង សំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេចរមកកម្សាន្ត សរុបចំនួន៨៥កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន ១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ ក្នុងនោះស្រ្តី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។

ជាមួយគ្នានោះនៅ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមានទី១៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ទី២៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ទី៣៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ទី៤៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និងទី៥៖ សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ»។

រាជធានីបុរាណលើខ្នងភ្នំគូលែននេះ អាចថាធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ។ បើយោងតាមសៀវភៅឯកសាររបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅលើភ្នំគូលែន មាន ៧១ប្រាសាទ ៥៦ពើង និងបុរាណស្ថាននានាចំនួន២៨ផ្សេងទៀត សរុបទាំងអស់ចំនួន ១៥៥កន្លែង៕