(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សូមអបអរសាទរចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិស្សទុតិយភូមិជាប់ទូទាំងខេត្តព្រៃវែង សរុប ៦,៧៨៩នាក់ ស្រី៤០០០នាក់ ស្មើនឹង៨២.០៦% ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន១១៧នាក់ផងដែរ។

អភិបាលខេត្តបានគូសបញ្ជាក់ថា លទ្ធផលនេះបានបញ្ជាក់ពីការខិតខំរៀនសូត្រក្នុងរយៈពេល១២ឆ្នាំរបស់ក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អគាប់ប្រសើរ លើកមុខមាត់គ្រួសារ ក៏ដូចជាខេត្តទាំងមូលផងដែរ។

លោកអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ត្រូវខិតខំរៀនឱ្យចេះ រៀនឱ្យពូកែ ថែរក្សាសុខភាពឱ្យបានល្អ និងមានគោលដៅច្បាស់លាស់លើការជ្រើសរើស មុខវិជ្ជាជំនាញសិក្សានៅមហាវិទ្យាល័យ ហើយនៅពេលបញ្ចប់ការសិក្សាត្រូវយកចំណេះដែលមាន មកជួយការងារសង្គម និងជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិនៅខេត្តព្រៃវែង មានសិស្សជាប់និន្ទេស A ចំនួន១១៧នាក់ (ស្រីចំនួន៧០នាក់) សិស្សជាប់និន្ទេស B ៧៦៧នាក់ ស្រីចំនួន៤៨៣នាក់ សិស្សជាប់និន្ទេស C ១,៥៨៣នាក់ ស្រីចំនួន ១,០២៣នាក់ សិស្សជាប់និន្ទេស D ២,២៩៤នាក់ ស្រីចំនួន១,៣៤២ សិស្សជាប់និន្ទេស E. ២,០២៨នាក់ ស្រីចំនួន១,០៨២នាក់។ ក្នុងនោះមានយុវតីម្នាក់ ឈ្មោះ ទាវ ជាស៊ីញ មកពីវិទ្យាល័យចម្រើនវិជ្ជា ខេត្តព្រៃវែង ទទួលបាន និទ្ទេស A គ្រប់មុខវិជ្ជា លំដាប់ពិន្ទុ ៩៩.៩៩៨%ផងដែរ៕