(តាកែវ)៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូនកែវ ដែលអាជ្ញាធរខេត្តតាកែវ បានរៀបចំធ្វើឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកចូលលេងកម្សាន្ត នៅក្នុងពិធីនេះ ចំនួនជាង១១ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី២ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងចូលរួមការពារ ថែរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់ ដែលបានចូលរួមលេងកម្សាន្ត នៅក្នុងពិធីប្រណាំងទូក នៅក្នុងក្រុងដូនកែវ រយៈពេល២ថ្ងៃ កន្លងមកនេះ ប្រកបដោយសុខសុវត្ថិភាព មិនមានបញ្ហាអ្វីកើតឡើង នៅក្នុងពិធីនេះទេ។

លោកអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាព នៅក្នុងប្រទេស ព្រោះបើគ្មានសុខសន្តិភាពទេ រដ្ឋបាលខេត្តតាកែវ មិនអាចរៀបចំពិធីប្រណាំងទូកបានយ៉ាងជោគជ័យដូច្នោះដែរ។ ដូច្នោះយើងទាំងអស់គ្នា គប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិ ឲ្យបានយូរអង្វែងតរៀងទៅ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តតាកែវ បានសំដែងការកោតសរសើរ ចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានប្រឹងប្រែងបង្កើតកម្មវិធីនេះឡើង បង្កការកំសាន្តសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀត បានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។

លោក ជា វ៉ាន់ដេត បន្តថា ក្រោមផ្កាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំឲ្យអាជ្ញាធរខេត្ត ក្រុងរៀបចំពិធីផ្សេងៗដើម្បីបង្កលក្ខណៈ ឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ដែលក្នុងនោះខេត្តតាកែវ បានរៀបចំពិធីប្រណាំងទូកនេះឡើង ក្នុងរយៈពេល២ថ្ងៃ ប្រកបដោយជោគជ័យជាពិសេសអាជ្ញាធរ បានថែរក្សាសុខសុវត្ថិភាព បានយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋ។

គួសបញ្ជាក់ថា សម្រាប់លទ្ធផលនៃការប្រណាំងទូកក្នុងរយៈពេល២ថ្ងៃ កន្លងមកនេះ ទូកដែលទទួលបានជ័យជំនះលេខ១ បានទៅលើទូករបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ លេខ២ បានទៅលើទូកបាយ៉ង់កោរ បារមីរមានជ័យបស់សាលាស្រុកគីរីវង់ លេខ៣ បានទៅលើកទូកព្រះខ័ណ្ឌមានជ័យបារមីព្រៃកប្បាសរបស់រដ្ឋបាលស្រុកព្រៃកប្បាស លេខ ៤ បានទៅលើទូកសែនជ័យបារមីទន្លេបាទីរបស់សាលាសុខបាទី និងលេខ ៥បានទៅលើទូកធីវេតសែនជ័យបារមីតេជោរបស់វិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោសែន។