(តាកែវ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានផ្ដួចផ្ដើមកសាងនូវអង្គព្រះកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ការត្រីមាសក្នុងព័ទ្ធសីមា វត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង ស្ថិតនៅក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

កឋិន គឺជាទានដ៏វិសេសលើសទាននានា ព្រោះជាទានសង្គ្រោះ ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេលបីខែ ឱ្យលោកទទួល បានអានិសង្ស ៥យ៉ាង ទោះបីកឋិននោះតូចតាច តិចតួចស្តួចស្តើង ឬធំដុំសម្បូរបែបយ៉ាងណាក៏ដោយ ភិក្ខុអ្នកក្រាលគ្រងនិងអ្នក អនុមោទនានៅតែទទួលអានិសង្ស៥យ៉ាងក្នុងរវាង៥ខែរាប់អំពី វេលាដែលភិក្ខុបានក្រាលគ្រងនិងអនុមោទនាកឋិនទៅ។

ចំណែកទាយកទាយិកា អ្នកធ្វើកឋិនក៏ត្រូវទទួលបានអានិសង្សដ៏ច្រើនលើសលប់ ក្រៃលែងលើសបុណ្យនានាទាំងអស់ លើកលែងតែបុណ្យធម្មទាន ហើយរមែងបានសុខចម្រើនទាំងក្នុង លោកនេះបន្តដល់បរលោក ។ អ្នកធ្វើកឋិនរមែងបានអានិសង្ស៥ យ៉ាងគឺ៖
១. ភិក្ខុបញ្ញា វិសារទោ មានប្រជ្ញាក្លៀវក្លាមុះមុត
២. សុវណ្ណតា មានពណ៌សម្បុរល្អ
៣. សុរូបតា មានរូបល្អ
៤. សុសណ្ឋានា មានទ្រង់ទ្រាយល្អ
៥. ចក្កវត្តិ រាជា ហោតិ នឹងបានទៅជាស្តេចចក្រពត្តិក្នុងជាតិ ណាមួយពុំខានឡើយ ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ ការប្រារព្ធឱ្យមានការជួបជុំពុទ្ធបរិស័ទ កសាងអង្គកឋិនទាននៅថ្ងៃនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ហើយការកសាងអង្គកឋិនទានថ្ងៃនេះ គឺសបញ្ជាក់ឲ្យឃើញអំពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាទាំងមូល ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ ផ្ទុយទៅវិញ នៅក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទស្សវត្ស​ឆ្នាំ​៧០​ ព្រះ​សង្ឃ​មិន​អាច​មាន​លទ្ធភាពពេញ​លេញ ​​ក្នុង​ការ​សិ​ក្សាធម៌​វិន័យ​​នោះ​ឡើយ​ ដោយ​ត្រូវ​និមន្ត​គេច​ រត់​លូន​ ពី​គ្រាប់​ផ្លោងនិង​ការ​ប្រយុទ្ធ​គ្នា​ជាប្រចាំ​។ ទី​វត្ត​អារាម​ ព្រះ​ពុទ្ធ​បដិមា​ករ​ ត្រូវ​រង​នូវ​កការបំភ្លេចបំផ្លាញស្ទើរ​ខ្ទេច​គ្មាន​សល់​។ ជាងនេះ​ទៀត​ នៅ ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​ ​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ វិស័យ​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​កំទេច​ បំផ្លាញ​និងបំបិទ​នូវ​សិទ្ធិ​ខាង​ជំនឿ​​សាសនា​ទាំង​ស្រុង​​។

ជាភ័ព្វ​សំណាង​ល្អ​ ក្រោយថ្ងៃ​រំដោះ​៧​មករា​ ឆ្នាំ​១៩៧៩​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួល​ជាបឋម ​នូវ​សិទ្ធិ​នៃ​ការស់​រាន​មាន​ជី​វិត​ ដែល​ជា​សិទ្ធិ​ដ៏​ចំបង​បង្អស់​ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិ​សេរី​ភាព​ដ៏ទៃ​ទៀត​ក្នុង​នាម​ជាមនុស្ស​ជាតិ​។​​ ក្រោយ​ការ​កសាង​ប្រទេស​ពី​បាតដៃ​ទទេរ​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិខាង​ជំនឿ​សាសនា​ ហើយ​វិស័យ​ជំនឿសាសនា ​កាន់​តែ​មាន​ការ​អភិវឌ្ឍ និង​អភិរក្ស​​ជាលំដាប់​​រហូត​មកដល់បច្ចុប្បន្ន​។​ ភាព​រីក​ចំរើន​នៃ​ផ្លូវ​ពុទ្ធ​ចក្រ​នេះ​ គឺ​ដោយ​សារ​ប្រទេស​ជាតិ​បាន ​និង​កំពុង​ស្ថិត​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា សុខសន្តិភាព​នេះ​ ពិត​ជា​មូល​ដ្ឋាន​គ្រឹះដ៏​ចំបង​ នៃ​ការ​ជំរុញ​ឱ្យ​មា​​នកា​​រ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ឥ​តឈប់​ឈរ​ ទាំង​ផ្លូវ​អាណាចក្រ​ ទាំង​ផ្លូវ​ពុទ្ធ​ចក្រ​ ដូច្នេះ ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា ​ត្រូវ​ប្តេជ្ញា​ចិត្ត​​ស្រឡាញ់​ និង​ថែរក្សា​ ការពារ​សន្តិភាព​នេះ​ឲ្យ​បាន​គង់​រង្ស​ជារៀង​រហូត​។

លោកបានបញ្ជាក់ថា បច្ច័យដែលនឹងត្រូវវេរប្រគេន ព្រះភិក្ខុសង្ឃនៅថ្ងៃនេះ ដើម្បីទុកកសាងរាល់សមិទ្ធផលនានា សម្រាប់តម្កល់ទុកជាឧត្តមប្រយោជន៍ ជូនដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ត្រពាំងបឹង ដែលសមិទ្ធផលទាំងនេះ មិនមែនសម្រាប់ទុកបម្រើផលប្រយោជន៍ របស់នរណាម្នាក់នោះទេ គឺសម្រាប់បម្រើផលប្រយោជន៍រួមរបស់ពុទ្ធសាសនិក  និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទបន្តចូចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ  ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បន្ទាប់ពីប្រារព្ធកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី បានវេរប្រគេនបច្ច័យសង្កត់ត្រៃចំនួន៩៩លាន ៩៩ម៉ឺន ៩ពាន់៩រយរៀល ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។ បន្ថែមលើសពីនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់និងលោកស្រី ឆាយ សាលីន បានជួយកសាងការចាក់ប្លង់សេដំបូងព្រះវិហារ ដែលមានតម្លៃប្រមាណជាង ១០ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រីផងដែរ៕