(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេល​នេះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ​នៅក្នុងប្រទេស​ជប៉ុន បានមកលេងប្រទេសកម្ពុជា ក្រោយបែកជាង១០ឆ្នាំ។

ជាមួយការមកលេងប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ​លោក ហៃ វណ្ណា រួមជាមួយប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បានចូលជួបសម្តែង​ការគួរ​សមនៅ​ឯផ្ទះ​របស់សម្តេចនាក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។

ក្រោយពេលលោក ហៃ វណ្ណា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រុមអ្នកនយោបាយប្រឆាំង ឬអ្នកវិភាគមាននិន្នាការប្រឆាំង គេបានពោលថា ការប្រកាសចូលរួម​ជីវ​ភាព​នយោបាយរបស់ ហៃ វណ្ណា គ្រាន់តែជាការដោះដូរនឹងសេរីភាពរបស់ប្អូនប្រុស ហើយក៏មិន​មែន​​ជា​ឆន្ទៈពិតរបស់លោក ហៃ វណ្ណា នោះឡើយ។

ផ្ទុយពីអ្វីដែលក្រុមប្រឆាំងបានលើកឡើង តាមរយៈរូបភាពនៃជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន គេបានឃើញកាយវិការ និងសកម្មភាពប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ តាមរយៈ​រូបភាពទាំងនេះ បង្ហាញជាក់ច្បាស់នូវការគោរពស្រឡាញ់របស់ ហៃ វណ្ណា ចំពោះសម្តេច​តេជោ ហើយ​ក៏បានបង្ហាញពីមនោសញ្ចេតការសណ្តោសប្រណីដ៏ធំធេងរបស់សម្តេចតេជោ ដែលជាមេដឹក​នាំ និងជាអ្នកនយោបាយ​ពោរ​ពេញ​​ដោយ​ការអនុគ្រោះ និងការមិនចេះប្រកាន់ទោសអូសដំណើរ​ចំពោះ​បុគ្គលធ្លាប់​ធ្វើសកម្មភាពប្រឆាំង​នឹង​សម្តេច។

តាមរយៈជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយឧបត្ថម្ភគាំទ្រដល់ប្អូនប្រុសលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។

បន្ទាប់ពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោហើយនោះ នៅពេលរសៀលថ្ងៃដដែលនេះ លោក ហៃ វណ្ណា និងប្អូនប្រុស ក៏បានចូលរួមក្នុងពិធីសាសនានៃបុណ្យកឋិនទានមហាសាមគ្គី​គ្រួសារ​ខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលបក្ស​ប្រជាជន​កម្ពុជា។

ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជា​ជនកម្ពុជាដទៃទៀត ដោយស្នាមញញឹម បង្ហាញពីការប្រាស្រ័យទាក់ទងដោយ​មិនប្រកាន់ចំពោះរឿងអតីតកាលនោះឡើយ។

លោក ហៃ វណ្ណា ក៏បានផ្តល់សម្ភាសន៍ជាមួយ Fresh News ផងដែរក្នុងឱកាសនោះ។ លោក ហៃ វណ្ណា បាន​ប្រាប់ Fresh News ថា លោករីករាយបានជួបសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា។ លោក វណ្ណា បានរៀបរាប់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយផ្តល់គំរូដ៏ល្អមួយ គឺការមិនចេះប្រកាន់ ឬយកខ្មែរជាសត្រូវ។ ជាមេដឹកនាំប្រកប​ដោយក្តីមេត្តា និងសណ្តោសប្រណៃខ្ពស់បំផុត។

លោក ហៃ វណ្ណា ក៏បានអះអាងដែរថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន​កម្ពុជា មិនមែនព្រោះតែសម្ពាធណាមួយនោះឡើយ គឺជាការផ្លាស់ប្តូរដោយពេញចិត្ត ដើម្បីបាន​ឱកាសចូលរួមជួយដល់សង្គមជាតិ ដែលជាបំណងតាំងពីដើមរបស់លោក។

សូមបញ្ជាក់ថា លោក ហៃ វណ្ណា បានទៅដល់ប្រទេសជប៉ុន តាមរយៈអាហារូបករណ៍វិស័យ​ឯក​ជន។ លោកបានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសជប៉ុន។ រូបលោក បានចាប់ផ្តើមភព​ប្រសប់ការធ្វើនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៥។ នៅខែតុលា ឆ្នាំ​២០២៤ លោក ហៃ វណ្ណា បានសម្រេចចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

បច្ចុប្បន្នលោក ហៃ វណ្ណា មានភរិយាជាជនជាតិជប៉ុន ហើយបានរកស៊ីក្នុងវិស័យកសិកម្ម៕