(ពោធិ៍សាត់)៖ ផ្តើមចេញពីការយកចិត្តទុកដាក់ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជាអ្នកខេត្តពោធិ៍សាត់ផ្ទាល់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់ឱ្យក្រុមវាគ្មិន ដឹកនាំដោយ លោកបណ្ឌិត ធាម រតនៈ នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី មានឱកាសចុះមកសំណេះសំណាល តម្រង់ទិស និងចែករំលែកបទពិសោធន៍ ជូនប្អូនៗសិស្សានុសិស្ស ដែលទេីបប្រលងចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្ត ក្នុងឆ្នាំសិក្សា២០២៣-២០២៤។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមការងារ ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ វាគ្មិនអតីតនិស្សិតអាហាររូបករណ៍ FULBRIGHT សហរដ្ឋអាមេរិក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រាប់កម្មវិធីនេះ មានបែងចែកចេញជា២វគ្ក គឺនៅពេលព្រឹកសិស្សានុសិស្ស ចំនួន៧៩២នាក់ ក្នុងនោះមកពីស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង និងពេលរសៀលសិស្សានុសិស្ស ចំនួន១,១៦៩នាក់ ក្នុងនោះមកពីក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកកណ្តៀង។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានរៀបចំ និងចាត់តាំងក្រុម វាគ្មិ ដឹកនាំដោយ លោកបណ្ឌិត ធាម រតនៈ នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី មកតម្រងទិសសម្រាប់ចូលរៀននៅឧត្តមសិក្សា ជូនសិស្សានុសិស្សទើបប្រឡងចប់មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ទូទាំងខេត្តពោធិ៍សាត់។

ទាំងពេលនេះក៏ដូចនាពេលកន្លងមក លោក កែវ រតនៈ តែងតែយកចិត្តទុកដាក់ ចំពោះប្អូនៗសិស្សានុសិស្សខេត្តពោធិ៍សាត់ ដែលជាទំពាំងស្នងឬស្សី ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីខេត្តពោធិ៍សាត់ខ្លួនឯងនិងគ្រួសារទើបក្រុមវាគ្មិន មកចែករំលែកបទពិសោធន៍ និងតម្រង់ទិសដើម្បីទទួលបាននូវព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ ក្នុងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ។

លោកអភិបាលខេត្ត ខូយ រីដា បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាជ្រោមជ្រែងដល់ការសិក្សារបស់សិស្ស នេះក៏ដោយសារកត្តាសន្តិភាព ទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
លោកថា ចំពោះសិស្សានុសិស្សទើបតែប្រឡងចប់ទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងចាប់យកមុខមុខជំនាញវិជ្ជាជីវៈមួយពិតប្រាកដក្នុងមួយជីវិត ហេតុនេះត្រូវតែចេះតស៊ូ អំណត់ ព្យាយាម រៀនសូត្របន្ថែម ត្រូវធ្វើអំពើរណាដែលល្អ មានផលប្រយោជន៍ដល់ខ្លួន គ្រួសារ សង្គម សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង អំពើរអបាយមុខ និងបន្តប្រតិបត្តិខ្លួន ជាកូនល្អ សិស្សនិស្សិតល្អ មិត្តភក្តិល្អ និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិ បួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។

លោក ខូយ រីដា បានក្រើនរំលឹកថា សិស្សានុសិស្សមិនត្រូវមានមោទនភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅថ្ងៃអនាគត។

លោកបានថ្លែងបញ្ចាក់ថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការដ៏សំខាន់ហើយការអប់រំ មិនមែនសម្រាប់តែគោលដៅតែមួយមុខនោះទេ ត្រូវផ្តោតសំខាន់គោលដៅធំៗ នៃការអប់រំ គឺអប់រំជាមនុស្សមានចំណេះដឹង ចំណេះធ្វើ បង្កើនជំនាញ ជាពលរដ្ឋល្អ និងអប់រំឱ្យចេះរស់នៅប្រកបដោយសុខដុមរមនា។ ការកំណែទម្រង់ប្រឡងបាក់ឌុប បានជម្រះចោលនូវវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការ និងទទួលខុសត្រូវលើខ្លួនឯង។ ចំពោះការតម្រង់ទិសដោយឈរលើកត្តាសំខាន់ៗដូចជា៖ មានចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងការលះបង់ជាដើម៕