(បរទេស)៖ យោងតាមសេចក្ដីរាយការណ៍ពីសំណាក់អ្នកប្រើប្រាស់បានឱ្យដឹងថា Telegram Channel របស់សារព័ត៌មាន RT ជាភាសារុស្សី ទំនងជាត្រូវបានបិទនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទដើមម្សិលមិញនេះ ខណៈដែលខាងសារព័ត៌មាន RT ផ្ទាល់ក៏បានបញ្ជាក់នៅលើ Channel ផ្លូវការរបស់ខ្លួនផងដែរថា គឺមិនអាចចូលទៅប្រើប្រាស់បានទៀតទេពីអ៊ុយក្រែន។
ការបិទនេះត្រូវបានគេបញ្ជាក់ឱ្យដឹងថា ដោយសារតែបាន «បំពានច្បាប់ក្នុងស្រុក» ប៉ុន្តែខាងសារព័ត៌មាន RT បានបញ្ជាក់វិញថា Telegram មិនបានបញ្ជាក់ថាលក្ខខណ្ឌនៃសេវាកម្មមួយណាត្រូវបានរំលោភបំពាននោះទេ។ ពោលគឺវាត្រូវបានបិទដោយមិនបានជូនដំណឹង។
អ្នកប្រើប្រាស់ក៏បានរាយការណ៍ផងដែរថា Channel សារព័ត៌មាន The Special_Authors ដែលបានធ្វើការផ្សាយឡើងវិញ (repost) នូវព័ត៌មានដែលបានចេញផ្សាយដោយ RT ក៏ត្រូវបានបិទនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថា ប្រជាជននៅក្នុងសាធារណរដ្ឋឆេកក៏កំពុងជួបប្រទះការលំបាក ក្នុងការអានបណ្តាញ RT Russian និង Special_Authors ជាមួយនឹងការជូនដំណឹងដូចគ្នាពី Telegram ថា បាន «បំពានច្បាប់ក្នុងស្រុក»។
ក្រុងគៀវ និងសហភាពអឺរ៉ុប បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសរុស្ស៊ី ក្នុងនោះរួមមាន RT និង Sputnik ចាប់តាំងពីឆ្នាំ ២០២២ ដោយលើកឡើងពីជម្លោះអ៊ុយក្រែន និងបានចោទប្រកាន់វិមានក្រឹមឡាំងថាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ «ព័ត៌មានមិនពិត»។
រុស្ស៊ីបានចោទរដ្ឋាភិបាលលោកខាងលិចពីបទចាប់ពិរុទ្ធ និងប៉ុនប៉ងបំបិទសំឡេងមិនគាំទ្រ ហើយជាឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ពីសំណាក់លោកខាងលិច រដ្ឋភិបាលទីក្រុងមូស្គូ បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចមួយចំនួន រួមទាំងទូរទស្សន៍ដែលផ្តល់មូលនិធិដោយរដ្ឋ គឺ BBC និងសំឡេងអាមេរិក (Voice of America)៕