(ភ្នំពេញ)៖ នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្ម និងកម្មវិធីការងារ ដល់ថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរង នាយផ្នែក ដែលទទួលអនុវត្តលើការងាររៀបចំផែនការសកម្មភាព និងកម្មវិធីការងារ នាយកដ្ឋានចំណុះ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ និងលោកឧត្តមសេនីយ៍ឯកបណ្ឌិត អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាគ្រូឧទ្ទេសនាម។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់អំពីខ្លឹមសារនៃយុទ្ធសាស្ត ក្នុងតួនាទីដឹកនាំគ្រប់គ្រងអង្គភាព ក៏ដូចជានាយកដ្ឋាន ដើម្បីតម្រង់ទិសក្នុងកិច្ចប្រតិបត្តិការងារ និងការទទួលខុសត្រូវ ឈានទៅរកការសម្រេចគោលដៅអង្គភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្ដាល បានបន្ថែមថា ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ ក៏អាចចេះកំណត់យុទ្ធសាស្ត្ររបស់ខ្លួន និងត្រួតពិនិត្យ វាយតម្លៃយុទ្ធសាស្ត្រទាំងនោះ ដោយឆ្លុះបញ្ចំងទៅនឹងសកម្មភាព ការងារជាក់ស្តែង សំដៅពង្រឹងសកម្មភាពប្រតិបត្តិការរបស់អង្គភាព ក៏ដូចជានាយកដ្ឋានឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

លោកបានបង្ហាញក្ដីសង្ឃឹមថា ចំណេះដឹង និងបទពិសោធទាំងនេះ អាចជួយដល់ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ ក្នុងការពង្រឹងសមត្ថភាពក្នុងរៀបចំផែនការសកម្មភាព និងកម្មវិធីការងារ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ។ លោកថា វគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានជោគជ័យល្អប្រសើរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក បណ្ឌិត អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដល់ថ្នាក់ដឹកនាំ និង មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានចំណុះ នាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ៕