(ភ្នំពេញ)៖ តាមរយៈការផ្តល់ជំនួយបច្ចេកទេស របស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃ ទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន។

ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធ គ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្ម ដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់ និងមានសុក្រិតភាព សម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និងសុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផល និងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផលផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃ ទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារ។

នាពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាពនិងសមត្ថភាពធ្វើតេស្តរបស់ខ្លួន លើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារ និងទឹកចំនួន ៩ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិដោយ IAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមក ទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្តនិងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

បើតាមការបញ្ជាក់របស់ លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO, កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផលផលិតផលជលផល និងផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួន ទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ដោយលោកបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈ តាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារ និងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជា អាចឆ្លើយតបទៅនឹងបទដ្ឋានជាតិ និងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម និងអ្នកបរិភោគ»

ឆ្លៀតឱកាសនេះ លោក ក៏បានថ្លែងអំណរគុណដល់គម្រោង ដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិ នៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្ត្រ នាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។

ដើម្បីចូលរួមអបអរសាទរជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសមិទ្ធផលដ៏មានសារៈសំខាន់ខាងលើ, លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្តែងនូវសុទិដ្ឋិនិយមថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្ត របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួម គឺលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលផលិតផលជលផលកម្ពុជា ចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ»

សូមជម្រាបថា ចំពោះការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផលផលិតផលជលផលទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារ ដែលអាចជឿជាក់និងទុកចិត្តបាន និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។

បន្ថែមពីនេះ លោក អ៊ុហ្គ័រ ទ្រឹសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា «ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ ដែលសហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម។ ម៉្យាងវិញទៀត តាមរយៈកម្មវិធី CAPFISH-Capture សហភាពអឺរ៉ុប ពិតជាមានមោទនភាពក្នុងការគាំទ្រដល់ការពង្រីកវិសាលភាពសេវាកម្មធ្វើតេស្ត របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ»