(ព្រះវិហារ)៖ អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ ចែកជូនដល់ដៃកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្ត។

ការចែកជូនអាវរងាដល់កងទ័ពនាពេលនេះ បានធ្វើឡើងក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោមេបញ្ជាការសឹករងខេត្ត អញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចូលរួម​ក្នុងពិធីគោរព​ទង់ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសប្តាហ៍ និងផ្សព្វ​ផ្សាយ​ផែនការ​ និងសភាពការណ៍ថ្មីៗមួយចំនួន​ ជូនដល់នាយ​ និងពលទាហានទាំង​អស់​ឱ្យបានជ្រាប​។

នៅក្នុងឱកាសនោះលោកឧត្ដម​សេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រាប់កងទ័ពទាំងអស់ពីការគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ពិសេសខែរងាសម្តេចបានចែកអាវរងារ និងខែវស្សាសម្តេចបានចែកអាវភ្លៀង ដើម្បីផ្តល់ភាពកក់ក្តៅដល់កងទ័ពរបស់យើង។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការសឹករងខេត្តព្រះវិហារ បានថ្លែងអំពាវនាវកងទ័ពទាំងអស់ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ដើម្បីឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនយូរអង្វែងតទៅមុខទៀត។

ពិសេសត្រូវចូលរួមក្នុងការទប់ស្កាត់ឱ្យបានខ្លាំងក្លាថែមទៀត នូវបទល្មើសធនធានធម្មជាតិ បទល្មើសនេសាទខុសច្បាប់ បទល្មើសគ្រឿងញៀន ស្របតាមការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហាររបស់យើង៕