(សៀមរាប)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំធ្វើសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ក្រោមវត្តមានរបស់លោក ស៊ុំ សន្និសិទ្ធ​ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា, លោក សុខ ថុល អភិបាលរងខេត្តសៀមរាប, លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងលោក លោកស្រី នៅក្នុងវិស័យពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងពិធីបើកសន្និសីទនេះ លោក ស៊ុំ សន្និសិទ្ធ បានលើកឡើងថា អង្គសន្និសីទប្រចាំឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផល​ការងារ​ជា​ច្រើន ដែលសមាគមបាននិងកំពុងអនុវត្ត នាពេលកន្លងមក រួមមាន៖ ការចែករំលែក​ព័ត៌​មា​ន និងបទពិសោធ ការពិភាក្សាគ្នាក្នុងការកំណត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សំដៅពង្រឹងប្រសិទ្ធភាព ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការបង្កើតយន្តការ​ដោះ​ស្រា​​យ​បណ្តឹង ការលើកកម្ពស់កិច្ចការពារអតិថិជន ការសម្របទៅនឹងបច្ចេកវិទ្យាថ្មីៗ ប្រកប​ដោ​យ​ន​វានុវត្តន៍ ការរៀបចំទិសដៅរួម សម្រាប់អនុវត្តនាឆ្នាំខាងមុខ និងជាពិសេស​ការពង្រឹង​សាម​គ្គី​ភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក ស៊ុំ សន្និស្ធ បន្តថា ធនាគារជាតិនៃកម្ពុជា បានចូលរួមជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​ស​ក​ម្ម ក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាក ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ក្នុង​នោះបានចូលរួមក្នុងគំនិតផ្តួចផ្តើមនៃការអនុវត្តហិរញ្ញប្បទានបៃតង រួមមាន៖ ១-ការគាំទ្រ​កា​រដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ២-ការរៀបចំ​សហប្រតិ​ប​ត្តិ​កា​រ​រ​វា​ង​ធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែ​ក​ព័​ត៌​មា​ន និងបង្កើតគំនិតផ្តួចផ្តើម សម្រាប់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង៣-ការបណ្តុះ​ប​ណ្តា​ល និងការកសាងសមត្ថភាព ទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារ​ហានិភ័យ​បណ្តា​លមកពីការប្រែប្រួលអាកាសធាតុ។

លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងគាំទ្រ​ចំពោះការរីកចម្រើន​បច្ចេ​ក​វិ​ទ្យា​ ជាពិសេស បញ្ញាសិប្បនិម្មិត ឬ AI ដោយហេតុថា បច្ចេកវិទ្យា​ទាំងនេះ បានដើរតួនាទី​យ៉ាង​សំ​ខា​ន់ ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រតិបត្តិការរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាក៏បានពាំនាំនូវហានិភ័យមួយចំនួន រួមមាន៖ ហានិភ័យបច្ចេកវិទ្យា, ហានិភ័យក្រមសីលធម៌ ដូចជា៖ ការចែករំលែកព័ត៌មានមិនពិត ឬ​ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើផលទុច្ចរិត ដែលមានការឆបោកតាមប្រព័ន្ធអនឡាញ ការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្មជាដើម។

លោកស្រី ឌិត នីតា បានឲ្យដឹងថា បច្ចុប្បន្ន សមាគមមីក្រូហិរញ្ញវត្ថុមានសមាជិកប្រមាណ១៣២គ្រឹះស្ថាន ដែលមានផលប័ត្រឥណទានសរុបម្រាណ ៥.១១ ប៊ីលានដុល្លាអាមេរិក និងកំពុងផ្តល់សេវាជូនអតិថិជនប្រមាណ ១,៥៥លានគណនី ដែលក្នុងនោះ ៥៤%ជាស្រ្តី ក្នុងសាខាទូទាំងប្រទេសចំនួន ៩០០សាខា និងមានបុគ្គលិកសរុបប្រមាណ ២១,០០០នាក់។ ទន្ទឹមនឹងនេះ គ្រឹះស្ថានទទួលប្រាក់បញ្ញើទាំង៤ មានប្រាក់បញ្ញើសរុបប្រមាណ ២.២ប៊ីលានដុល្លាអាមេរិក (កំនើន ៤,៨%) និងមានអ្នកដាក់ប្រាកបញ្ញើរសរុបប្រមាណ ២លាននាក់ ក្នុងនោះ៦៧%ជាស្រ្តី។ ភាពរីកចម្រើននេះបានបង្ហាញពីតួនាទីរបស់សមាជិកសមាគម ដែលជាវិស័យទាំងមូល ក្នុងការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា។ ប៉ុន្តែភាពរីកចម្រើននេះ ក៏នាំមកនូវបញ្ហាប្រឈម និងឱកាសជាបន្តបន្ទាប់។

លោកស្រីបន្តថា សម្រាប់បញ្ហាប្រឈម វិស័យមីក្រូហិរញ្ញវត្ថុហាក់កំពុងរងសំពាធនៃបរិយាកាស​សេដ្ឋកិច្ចពិភពលោកមិនអំណោយផល ដែលបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៏របស់សមាគម ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ឥណទានប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៥,៩% ដល់ ៨,៧%, ការរៀបចំឥណទានឡើងវិញកើនឡើងពី ២,០% ដល់ ៣,៨%, កម្ចីដែលលុបចោលកើនឡើងពី ០,៨% ដល់ ១,២% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមានកំណើនត្រឹម១%ប៉ុណ្ណោះ ដោយមានកំណើនពី ៥១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។

លោកស្រី ឌិត នីតា បានបន្ថែមថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគាជាតិនៃកម្ពុជា បានផ្តល់ការលើកទឹកចិត្ត និងសម្រួលផ្នែកបទបញ្ញាត្តិផ្សេងៗ ដើម្បីគ្រឹះស្ថានផ្តល់នូវការរៀបចំឥណទានទ្បើងវិញជូនអតិថជន ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ការនេះអាចជួយដោះស្រាយនូវបញ្ហាប្រឈមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សម្រាប់រយៈពេលវែងការរក្សាបាននូវភាពគ្រប់គ្រាន់នៃអនុបាតដើមទុន សន្ទនីយភាព ការមានផែនការអជីវកម្មច្បាស់លាស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនេះ និងរក្សានិរន្តរភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។

លោក សុខ ថុល បានថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានជ្រើសរើសយកទឹកដីខេត្តសៀមរាប ដើម្បីរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ក្នុង គោលបំណង ដើម្បីទទួលបានព័ត៌មានជាមួយនឹងទស្សនទានពីនិយ័តករ នូវបទប្បញ្ញត្តិ ប្រកាស និងសារាចរ ណ៍ណែនាំថ្មីៗ ការបង្ហាញពីបច្ចុប្បន្នភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពិនិត្យមើលនិន្នាការសំខាន់ៗ បញ្ហាប្រឈម និងឱកាស ការសម្របសម្រួលក្នុងការចែករំលែកនូវចំណេះដឹង ក្នុងចំណោមអ្នកអនុវត្ត អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងទៀត ការបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងឧត្តមានុវត្តន៍នៃផលិតផលហិរញ្ញវត្ថុ និងការផ្តល់សេវាកម្ម ជាគំរូ និងការស្វែងយល់ពីសក្តានុពលនៃបច្ចេកវិទ្យាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធ ភាពប្រតិបត្តិការ។

លោកសង្ឃឹមថា សន្និសីទថ្ងៃនេះ ក៏ជាឱកាសដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនង និងធ្វើការ ចែករំលែកនៅបទពិសោធ និងការអនុវត្តល្អ អំពីយន្តការក្នុងការលើកកម្ពស់កិច្ចការពារអតិថិជន ការទទួល បាននូវហិរញ្ញប្បទានបៃតង និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលបម្រើ និងផ្តល់នូវដំណោះស្រាយ អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដល់ប្រតិបត្តិការរបស់គ្រឹះស្ថាន និងវិស័យក្នុងការឆ្ពោះទៅរកការពង្រឹងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈការចែករំលែក និងធ្វើបទបង្ហាញដោយអ្នកជំនាញ អ្នកអនុវត្ត និងអ្នករៀបចំគោលនយោបាយជាច្រើន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ៕