(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ដ្រីរាជការ រៀបចំពិធីក្រុងពលីសុំសេចក្តីសុខសប្បាយតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលប្រារព្ធធ្វើឡើងនៅបរិវេណវេទិកាសួរច្បារបឹងស្នោរ រយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការប្រណាំងទូកនៅក្នុងពេលនេះ គឺធ្វើឡើងដើម្បីរំលឹកដល់គុណបំណាច់របស់វីរបុរសកងទ័ពជើងទឹក ដែលបានពុះពារអង្គអាចក្លាហានក្នុងការធ្វើចម្បាំង ក៏ដូចជាការបង្កឲ្យមានភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាមួយការដាក់បង្ហាញការតាំងពិព័រណ៌ តាមស្តង់ពិព័រណ៌ផលិតផលនានា និងការប្រគុំតន្រ្តី លេងល្បែងប្រជាប្រិយ៌កម្សាន្ត ជាច្រើនទៀត។
លោកបន្ថែមថា ការប្រណាំងទូក «ង» នៅថ្ងៃនេះ គឺមានចំនួន១០គូជាលក្ខណៈគូខ្នាតអន្តរជាតិ មានចំណុះចំនួន២២នាក់ មកពីតាមបណ្តាលអង្គភាពមន្ទីរស្ថាប័ននានាក្នុងខេត្ត ដើម្បីចូលរួមប្រកួតជាលក្ខណៈមិត្តភាព។ លោកថា ប្រជាពលរដ្ឋទទួលបានភាពសប្បាយរីករាយនាពេលនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព សណ្ឋាប់ធ្នាប់សង្គមល្អប្រសើរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក មាន ចាន់យ៉ាដា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកទស្សនាកម្សាន្តពីធីប្រណាំងទូក និងការតាំងពិព័ណផលិតផលនានា ក៏ដូចជាល្បែងកម្សាន្ដជាច្រើន នៅមុខសួនច្បារសាលាខេត្តឧត្តរមានជ័យបានច្រើនកុះករ និងត្រូវមានការប្រុងប្រយ័ត្នចំពោះវត្ថុមានតម្លៃ ដើម្បីកុំឲ្យមានការបាត់បង់ដោយប្រការណាមួយ៕