(ភ្នំពេញ)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។
កម្មវិធីអង្គកឋិនទាននេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរចំនួន ៦អង្គ ដែលក្នុងនោះនិមន្តពីវត្តខ្មែរសាមគ្គីចំនួន ២អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។
ក្រោយពិធីដង្ហែអង្គកឋិនទានសាមគ្គី និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហេីយបុណ្យរួច ក៏មានការពិសារអាហារសាមគ្គី ជុំគ្នាក្នុងចំណោមបងប្អូនខ្មែរផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕