(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គី ប្រមូលបានបច្ច័យចំនួន១០០លាន៥សែនរៀល ដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមានៅវត្តរស្មីសាមគ្គីរតនារាម ហៅវត្តថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយយ៉ាងច្រើនកុះករ។

អង្គកឋិនទាននេះ ប្រារព្ធឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយថ្នាក់ដឹកនាំទាំង២រូប និងមន្ត្រីរាជការ ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្ត ទៅតាមប្រពៃណីសាសនា លុះព្រឹកឡើងថ្ងៃទី៣ ខែឆ្នាំដដែល បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃដី ស្បង់ ជីវរ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុប ចំនួន១០០លាន៥សែនរៀល ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តរស្មីសាមគ្គីរតនារាម ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

នៅក្នុងឱកាសនេះ លោកញ៉ែម សំអឿន បានថ្លែងថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបន្តដឹកនាំដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្ត ធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាព ឲ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាព ដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍ មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានា ក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យ ឲ្យបានជាប់ជានិច្ច។

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណី ព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែ ចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយ ត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃដី ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក៕