(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ដែលបានប្រារព្ធធ្វើនៅក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារជាច្រើនលើកអំពី ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជានៅបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញលើកនេះ ទៅកាន់ពិភពលោកទាំងមូល។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាចំណែកដ៏សំខាន់សម្រាប់ប្រទេសទីទៃគ្នា តំបន់ទីទៃគ្នានិងជនជាតិទីទៃគ្នា ធ្វើការផ្លាស់ប្តូរខាងវប្បធម៌ ដែលបានដើរតួនាទីជាស្ពាន និងខ្សែចំណង ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ឆ្នាំនេះ ជា “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន” ក្រោមការយកចិត្តទុកដាក់និងជំរុញដោយផ្ទាល់ ពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ ប្រទេសទាំងពីរចិននិងកម្ពុជាបានរួមគ្នាធ្វើការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនដ៏សម្បូរបែប លើវិស័យកីឡា វប្បធម៌ ទេសចរណ៍និងអប់រំជាដើម។

ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផល កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារ អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិនថា ចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងចិន បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍រួមវាសនា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។

ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា មានភាពកាន់តែជាក់ស្តែង និងកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបតិ្តការជាក់ស្តែងក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនដ៏ល្អប្រសើរ ។ ជាពិសេស គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងកម្ពុជា បានជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើ វិស័យពាណិជ្ជកម្ម និងវិនិយោគមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានភាពកាន់តែជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការនៅឆ្នាំ២០២២មក ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ ជាង១១,១៤ ប៊ីលានដុល្លារអាមេរិក កើនឡើង ២២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,២៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ទំនិញនាំចេញសំខាន់គឺអង្ករ ចេក ស្វាយនិងដំឡូងមីជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានផ្តល់ឱកាសទីផ្សារកាន់តែច្រើន សម្រាប់ឱ្យកម្ពុជាពង្រីកផលិតកម្មកសិកម្ម និងការកែច្នៃកសិផល។

ក្រៅពីនេះ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាមាននិន្នាការងើបឡើងវិញយ៉ាងច្បាស់លាស់ ចំនួនអ្នកទេសចរចិនបានកើនឡើងដោយនឹងនរ។ ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ កម្ពុជាបានទទួលអ្នកទេសចរចិន ចំនួន៥៣៨០០០នាក់ បានកើនឡើង៤៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរចិន មិនត្រឹមតែជាឱកាសសម្រាប់ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសសម្រាប់ជំរុញការវិនិយោគ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ ប្រទេសកម្ពុជាផងដែរ។

របាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅខែមិថុនាឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនជាប្រភពប្រាក់ទុនបរទេសធំជាងគេ របស់ប្រទេសកម្ពុជាជាប់រហូត ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជា យ៉ាងខ្លាំងក្លា។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”មុនគេនិងចូលរួមមុនគេ។ ក្នុងដំណើរការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រទេសទាំងពីរចិននិងកម្ពុជាបានកសាង គម្រោងសំខាន់ៗជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុជាដើម។

ប៉ុន្តែ ដោយគិតពីភូមិសាស្ត្រនយោបាយ និងទស្សនៈមនោគមវិជ្ជា ប្រទេសមួយចំនួនតូចបានរកគ្រប់មធ្យោបាយ ដើម្បីរិះគន់និងមួលបង្កាច់ គំនិតផ្តួចផ្តើមនេះ ដោយបានអះអាងថា កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”បានបង្កបង្កើតអន្ទាក់បំណុល។ ចំពោះបញ្ហានេះ ដៃគូសហប្រតិបត្តិការក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”មានសិទ្ធិបញ្ចេញមតិបំផុត។ ខណៈពេលផ្តល់ បទសម្ភាសណ៍ តាមប្រព័ន្ធវីដេអូជាមួយទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាន និងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុង អន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាក៏ធ្លាប់និយាយត្រង់ៗថា បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា នរណាជួយសាងសង់ផ្លូវនិងស្ពានឱ្យកម្ពុជា ? ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់កសាងហេដ្ឋារចនាសម័្ពន្ធរបស់កម្ពុជា ហើយបានជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។

មិត្តភក្តិ៍ពិតប្រាកដ ជាសាក្សីនៃពេលវេលា ឆ្លងកាត់បម្រែបម្រួលអន្តរជាតិ ចំណងមិត្តភាពអាចឆ្លងសតវត្សរ៍ ហើយឆ្លងកាត់ ពេលវេលារឹតតែយូររឹតតែរឹងមាំ។ មិត្តភក្តិ៍ពិតប្រាកដក៏ជាអ្នករួមដំណើរ នៅពេលអនាគតដែរ ក្រោមការណែនាំជាយុទ្ធសាស្ត្រ ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងពួតដៃគ្នា បន្តវេនមិត្តភាពដែកថែបនៅចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយ ហើយនឹងចារទំព័រថ្មីនៃមេត្រីភាព!

វិទ្យុមិត្តភាពកម្ពុជាចិន