(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​បង្ហាញរូបភាពជួបជាមួយ លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ដោយបានពិភាក្សាប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។

ជំនួបនោះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពី លោក ម៉ិច ដារ៉ា បានចេញពីពន្ធនាគារ។

តាមរយៈបណ្តាញសង្គម សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា៖ «ជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស»

សម្តេចបវរធិបតី បានបញ្ជាក់ថា សម្តេចធ្លាប់ស្គាល់លោក ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះទេ៕