(ភ្នំពេញ)៖ លោកសាស្ដ្រាចា្ររ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសរីកចម្រើន ជំងឺទឹកនោមផ្អែមក៏កើនលឿនទៅតាមនោះដែរ បើសិនជារបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ។ ដូច្នេះហើយ របៀបរស់នៅប្រចាំថ្ងៃ (Lifestyle) គឺសំខាន់ណាស់ មានការហាត់ប្រាណ ពិសារអាហារឱ្យបានត្រឹមត្រូវ កុំពិសារភេសជ្ជៈណា ឱ្យឆាប់កើតជំងឺទឹកនោមផ្អែម នោះវាអាចការពារបាននៃការឈានទៅរកជំងឺទឹកនោមផ្អែម រហូតដល់ទៅ ៦០%។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា បញ្ហាទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយជាបញ្ហាសុខភាពសាធារណៈដ៏ធំ មិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅការការពារជំងឺទឹកនោមផ្អែមនេះ។

«ជំងឺទឹកនោមផ្អែម គឺជាជំងឺមិនឆ្លង ហើយពេលដែលជំងឺមិនឆ្លងនេះកាន់តែធ្ងន់ធ្ងរ នឹងវិវឌ្ឍន៍ទៅជាជំងឺរុំារ៉ៃ ហើយវាបណ្ដាលឱ្យមានជំងឺផ្លូវចិត្ដផងដែរ ដូច្នេះត្រូវមានការសហការរួមទាំងអស់នៅគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាជនផងដែរ»។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្ដដល់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជាត្រូវមានកិច្ចសហការនៅក្នុងសង្គមទាំងមូល ទាំងគ្រូពេទ្យ និងសាធារណៈជន រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងរដ្ឋ និងឯកជន ឱ្យយល់ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងលើកកម្ពស់ការមើលថែជំងឺទឹកនោមផ្អែម ពិសេសបង្កើនការផ្សព្វផ្សាយអប់រំទៅដល់បណ្តុំមនុស្ស សាលារៀន រោងចក្រ និងសហគមន៍ជាដើម ដើម្បីកាត់បន្ថយអត្រាអ្នកកើត និងស្លាប់ ដោយជំងឺទឹកនោមផ្អែមទៅអនាគត»។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត David Choy បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី ដែលជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនអន្ដរជាតិជាច្រើនរូបទៀត មកចែករំលែកបទពិសោធន៍ក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានថ្លែងគាំទ្រប្រសាសន៍លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ពីបញ្ហាជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយ ដែលពិភពលោកមានការព្រួយបារម្ដយ៉ាងខ្លាំង។

ក្នុងឱកាសនោះលោក David Choy ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ។ ជាពិសេសលោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ជាការពិតណាស់ពេលជំងឺទឹកនោមវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរទៅៗ វានឹងគំរាមគំហែងនូវជំងឺផ្សេងៗ ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល កើតជំងឺស្ដ្រូក និងគាំងបេះដូង។ ដោយសារតែប្រភេទនៃជំងឺមិនឆ្លងខាងលើនេះ គឺវាមានទំនាក់ទំនងជិតស្និទជាមួយគ្នា ដូច្នេះហើយទើបសន្និសីទពេញមួយថ្ងៃនេះ មានវាគ្មិនឯកទេសទាំង៣នេះ ធ្វើបទបង្ហាញរួមគ្នា រកគន្លឹះរួម ទាំងការប្រើប្រាស់ឱសថ និងការព្យាបាលប្រកបដោយប្រសិទ្ធ និងទាន់ពេលវេលា៕