(កណ្ដាល)៖ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាធនធានមនុស្សមួយសម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន។
លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គិតត្រឹមរយៈពេល៤ឆ្នាំជាប់គ្នា ក្នុងនោះនៅក្នុងសម័យប្រឡងឆ្នាំ២០២១ នៅទូទាំងស្រុកមានសិស្ស ចំនួន៣នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២២ សិស្សមានចំនួន៤នាក់/ស្រី១នាក់ ទទួលបាននិទ្ទេសA, នៅឆ្នាំ២០២៣ មានសិស្សចំនួន១៧នាក់/ស្រី១៤នាក់ ទទួលបាននិទ្ទេសA ហើយនៅក្នុងសម័យប្រឡងឆ្នាំ២០២៤នេះ មានសិស្សានុសិស្សប្រឡងជាប់និទ្ទេសA មានចំនួន១៤នាក់ ក្នុងនោះ មានស្រី៨នាក់។
ជាមួយគ្នានេះ សិស្សានុសិស្សទាំងនោះ តែងត្រូវបានការលើកទឹកចិត្តពីសំណាក់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ដោយបានផ្តល់នូវម៉ូតូ និងថវិកាយ៉ាងច្រើន ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារថែរក្សាពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសចំណូលកម្រិតខ្ពស់។
លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងអរគុណសន្តិភាព ហើយដោយបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាពដូចជានៅបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា នៅតំបន់អាហ្វ្រិក ជាពិសេសក្នុងប្រទេសរបស់យើងកាលពីជាង៣០ឆ្នាំ ៤០ឆ្នាំមុន កម្ពុជាបានរងគ្រោះដោយការបំផ្លិចបំផ្លាញ នូវហេដ្ឋានរចនាសម្ព័ន្ធស្ទើរគ្មានសល់ដោយសារតែសង្គ្រាម។
ដោយឡែក បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិត នៃអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នីតិកាលទី៧ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកបានសំណូមពរដល់លោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់អប់រំ និងបង្រៀន ពិសេសក្មួយៗសិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានក្នុងពេលបច្ចុប្បន្ន ឲ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ ដោយបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាពដែលយើងរកបានយ៉ាងលំបាកនេះ។
ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង បាននាំអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសិស្សនិទ្ទេស A ចំនួន ១៤នាក់ /ស្រី០៨នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា២០ម៉ឺនរៀល ជូនដល់សិស្សនិទ្ទេស B ចំនួន១៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, និទ្ទេស C ចំនួន២០៦នាក់ ម្នាក់ៗថវិកា ៨មុឺនរៀល, និទ្ទេស D ចំនួន២០៧នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល, និទ្ទេសE ចំនួន១១២នាក់ និងនិទ្ទេសF ចំនួន៣១នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល។
លោកគ្រូ អ្នកគ្រូ ចំនួន១០៧នាក់ និងក្រុមប្រឹក្សាស្រុក៩នាក់ ក្នុងម្នាក់ៗថវិកា១០មុឺនរៀល និងបានឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន ២លានរៀល, នារីស្រុក ៤លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕