(ត្រាវិញ, វៀតណាម)៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់ខ្មែរក្រោម ផ្តួចផ្តើម​ដោយ​សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបិទបញ្ចប់​ដោយ​ជោគ​ជ័យ ជាមួយការបន្សល់ទុកនូវអនុស្សាវរីយ៍ មនោសញ្ចេតនា ក្តីរំភើប និងការចងចាំយ៉ាងជ្រា​ល​ជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម។

បន្ទាប់ពីការប៉ុនប៉ងអស់រយៈពេលប្រមាណជា១២ឆ្នាំ ទីបំផុតបំណងប្រាថ្នារបស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានដឹកនាំ​ដង្ហែអង្គកឋិនទានឆ្ពោះមកកាន់វត្តខ្មែរក្រោមបានដូចការគួចប៉ងហើយ។ បន្ទាប់ពីបានក្រុងពាលី និងសូត្រមន្តតាមពិធីសាសនារួចរាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤រួចរាល់ហើយនោះ នៅ​វេលា​ម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំ​ដង្ហែ​អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម។

ពិធីដង្ហែអង្គកឋិនទានកើតចេញពីកម្លាំងសាមគ្គីរបស់ខ្មែរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏មាន​ការ​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបទៀត។ បន្ទាប់ពីការធ្វើដំណើរដោយចំណាយថេរវេលា​ស​រុបប្រមាណជា៦ម៉ោង បូករួមទាំងការផ្លាស់ប្តូររថយន្តនៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល​ផងនោះ នៅវេលាម៉ោងជិត១រសៀល ក្បួនដង្ហែអង្គកឋិនទានបានដង្ហែដល់ទីរួមខេត្តត្រាវិញ។

នៅវេលាម៉ោងជាង២រសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងគណៈប្រតិភូ ក៏បានអញ្ជើញមក​ថ្វាយ​បង្គំ និងបូជាព្រះរតនត្រ័យ ព្រមទាំងសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោម នៅវត្តពោធិគិរីវង្សា​រាម។ អង្គកឋិនដ៏កម្រលើទឹកដីខ្មែរក្រោម បាននាំឱ្យប្រជាពលរដ្ឋខ្មែរក្រោមពីគ្រប់ទិសទីស្កាត់មក​រង់​ចាំទស្សនាក្បួនដង្ហែអង្គកឋិនទាន ក៏ដូចជាចង់ឃើញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយទឹកចិត្តដ៏ពុះកញ្ជ្រោល។

គ្រាន់តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់ភ្លេងឆៃយាំុក៏ចាប់បន្លឺឡើង យុវជនខ្មែរក្រោមក្នុង​សម្លៀក​​​បំពាក់​ប្រពៃណីដ៏សមសោភា រួមជាមួយប្រជាពលរដ្ឋខ្មែរក្រោម​យ៉ាងច្រើនកុះករបាន​ស្វាគមន៍​​ចំពោះដំណើរអញ្ជើញដល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពលរដ្ឋខ្លះបានរំភើបរហូត​ដល់ស្រក់​ទឹកភ្នែក នៅពេលបានឃើញសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអង្គកឋិនទានដង្ហែដល់វត្ត។

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក៏បានរៀបចំដង្ហែប្រទក្សិណនៅជុំវិញព្រះវិហារវត្តស្វាយ​សៀម​ថ្មីចំនួន៣ជុំ បន្ទាប់មកក៏បានវេប្រគេនគ្រឿងបរិក្ខារនៃអង្គកឋិនទានប្រគេនដល់ព្រះសង្ឃ។

ពិធីដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារនាព្រឹកថ្ងៃនេះ ត្រូវបានដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន លោក ជា សុផារ៉ា លោកទេសរដ្ឋមន្ត្រី គន់ គីម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក គួច ចំរើន អភិបាលខេត្តកណ្តាល លោក វីុ សំណាង អភិបាលខេត្តតាកែវ សមាជិក សមាជិកា​ព្រឹទ្ធ​សភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ប្រជាពលរដ្ឋខ្មែរមក​ពី​កម្ពុជា និងពលរដ្ឋខ្មែរក្រោមយ៉ាងច្រើនកុះករ និងប្រកបក្តីសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុត។

តាមរយៈអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីការប្រគេនបរិក្ខារ​នានាដល់ព្រះ​សង្ឃវត្តស្វាយសៀមថ្មីហើយនោះ ក៏បានកៀរគរបច្ច័យបានជាង៩០ម៉ឺនដុល្លារប្រគេន​ដល់ព្រះសង្ឃ​គង់​នៅវត្តស្វាយសៀមថ្មី និងបានប្រគេនដល់វត្តចំនួន១៤២វត្តផ្សេងទៀត នៅក្នុងខេត្តត្រាវិញ ក្នុងមួយវត្តបច្ច័យ ១ម៉ឺនដុល្លារអាមេរិក។

ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញ​ក្តីរំភើប និងសោមនស្សរីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិន​ទានមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តពោធិគិរីវង្សារាមនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចថា ការគិតគូរពីការដង្ហែ «អង្គកឋិនទានមហា​សាមគ្គី​គ្រួសារ​ខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែនទើបតែមានថ្មីៗនេះទេ សម្តេចតេជោ ហ៊ុន សែន និងសម្តេច បានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោង​នេះ ត្រូវបានផ្អាកជាច្រើនឆ្នាំ​ដោយសារ​តែមានធុរៈគ្រួសារ។ ក្នុងនោះ លោកឱពុកក្មេករបស់សម្តេចកិត្តិ បានទទួលមរណភាពនៅឆ្នាំ​២០១៣ និងអ្នកម្តាយបង្កើតរបស់សម្តេចកិត្តិ បានទទួលមរណភាពនៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទានដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល។

«នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្រប ដែលនាងខ្ញុំ រួមនឹងសម្តេចតេជោ ហ៊ុន សែន និងកូនៗ ចៅៗ បានផ្តួចផ្តើមសាជាថ្មីលើការធ្វើអង្គកឋិនទានដង្ហែ​មកកាន់វត្តខ្មែរក្រោម ហើយក៏បានឯកភាព​គ្នា រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះឡើងដង្ហែមក កាន់វត្តពោធិគិរីវង្សារាម នៅខេត្ត​ត្រា​វិញនេះ»។ នេះជាការគូសរំលេចបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជា បានលើកទៀតថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ត្រូវបានចូលរួមយ៉ាងទូលំទូលាយពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយកទាំងពីរគណៈ គណបក្សប្រជាជន​កម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ដើម្បីបង្ហាញ​ពីការរួបរួមមហាសាមគ្គីគ្រួសារខ្មែរគ្រប់ទិសទី គឺយើងទាំងអស់គ្នា សុទ្ធសឹង ជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដូចគ្នា។ នេះជាហេតុផល ដែលអង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ពោល គឺបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។

បច្ចុប្បន្ននៅខ្មែរក្រោមមានវត្តសរុបចំនួន ៤៦១វត្ត ហើយសម្រាប់ខេត្តត្រាវិញ មានវត្តសរុបចំនួន ១៤៣វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក។ វត្តនេះមានអាយុកាល ១២០ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តជាច្រើនអង្គ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា វត្តមានវត្តទាំងនេះ បានចូលរួមយ៉ាងសកម្មក្នុងការ​ថែ​រក្សា​ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀម​ទម្លាប់​ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវ​ប្រពៃណី​ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ប្រជាពលរដ្ឋខ្មែរក្រោម និងខ្មែរពីប្រទេសកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរគ្មានអ្វីប្រៀបផ្ទឹមនោះឡើយចំពោះព្រឹត្តិការណ៍អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ។ ពួកគេបានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ បានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងខឿនវប្បធម៌ប្រពៃណីរបស់ខ្មែរ នៅខ្មែរក្រោម។ កាន់តែពិសេសពីលើនេះទៀត ព្រឹត្តិការណ៍នេះ ក៏បានបើកបង្ហាញឱ្យឃើញនូវទឹកចិត្ត សមានចិត្ត ក្តីស្រឡាញ់ ការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនខ្មែរក្រោម។

កាន់តែពិសេសទៀតនោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះ បានចូលរួមផ្តល់កម្តៅបេះដូង និងចាក់បញ្ចូលឱសថថាមពលដ៏មហិមាសម្រាប់ពលរដ្ឋខ្មែរក្រោម បន្តប្រឹងប្រែងថែរក្សាវប្ប​ធម៌​ប្រពៃ​ណីទំនៀមទម្លាប់ដូនតាខ្មែរ ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ជាមួយបង​ប្អូនផ្នែក​សិល្បៈ​ខ្មែរក្រោមថា ការថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ គឺជារឿង​ដ៏​សំខាន់​សម្រាប់ខ្មែរគ្រប់ទីកន្លែង៕