(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាលោកបណ្ឌិត Santo Darmosumarto បានធ្វើសន្និសីទសារព័ត៌មាន និងជួបសំណេះសំណាលជាមួយមន្ត្រីអគ្គស្នងការនគរបាលជាតិកម្ពុជា ដែលនឹងត្រូវអញ្ជើញទៅចូលរួមសិក្ខាសាលាស្ដីពី «ការប្រយទ្ធប្រឆាំងការជួញដូរមនុស្សនៅកោះបាលី» ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

វេទិកាចែករំលែកស្តីពីការកំណត់អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និងការពារជនរងគ្រោះពីការជួញដូរមនុស្ស នឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានការចូលរួមពីមន្ត្រីនគរបាលចំនួន១៥រូប មកពីអគ្គស្នងការនគរបាលជាតិកម្ពុជា គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ស្តីពី៖ «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងអំឡុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកានេះ គឺការប្តេជ្ញាចិត្តកម្រិតខ្ពស់ដើម្បីបានជាការអនុវត្តជាក់ស្តែង។ លោកបានកត់សម្គាល់ថា៖ «កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករបស់ឥណ្ឌូនេស៊ី និងកម្ពុជាក្នុងការដោះស្រាយ និងកាត់បន្ថយបញ្ហានៃការជួញដូរមនុស្ស ជាពិសេសនៅក្នុងតំបន់អាស៊ាន»

លោកបណ្ឌិត Santo Darmosumarto បានមានប្រសាសន៍បន្តថា៖ «វេទិកានេះនឹងក្លាយជាប្លុកផ្តួចផ្តើមដំបូងមួយសម្រាប់បំប្លែងការប្តេជ្ញាចិត្តនៃ MOU ទៅជាសកម្មភាពជាក់ស្តែង។ តាមរយៈការបណ្តុះបណ្តាលជាក់ស្តែង និងការចែករំលែកចំណេះដឹង គឺយើងកំពុងសង់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការឆ្លើយតប និងសម្របសម្រួលក្នុងការដោះស្រាយចំពោះការជួញដូរមនុស្ស។ មូលដ្ឋានគ្រឹះដ៏សំខាន់គឺការបង្កើតនូវអន្តរកម្មកាន់តែខ្លាំងក្នុងចំណោមមន្ត្រីអនុវត្តច្បាប់របស់យើង»

វេទិកានេះនឹងប្រមូលផ្តុំអ្នកអនុវត្តច្បាប់ និងអ្នកជំនាញផ្នែកច្បាប់ ដើម្បីដឹកនាំវគ្គចែករំលែក និងការពិភាក្សាស្តីពីការកំណត់អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និងការពារជនរងគ្រោះពីការជួញដូរមនុស្ស។ វេទិកានេះនឹងមានគោលបំណងលើកកម្ពស់វិធីសាស្រ្តដែលផ្តោតលើជនរងគ្រោះដោយភាពស៊ីសង្វាក់គ្នាក្នុងចំណោមមន្ត្រីអនុវត្តច្បាប់នៅក្នុងប្រទេសទាំងពីរ។

ស្របតាមក្របខណ្ឌទូលំទូលាយនៃការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វេទិកានេះនឹងពង្រឹងបណ្តាញ និងការសម្របសម្រួលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការឆ្លើយតបរួមចំពោះការជួញដូរមនុស្សដែលនឹងផ្តល់ផលប្រយោជន៍ទសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល៕