(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ផ្លូវទូទាំងខេត្តជាង៨០០គីឡូម៉ែត្រគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលរងការខូចខាតដោយកន្លែង នារដូវវស្សាកន្លងមក ត្រូវបានជួសជុលថែទាំឡើងវិញរួចរាល់១០០% ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សំ លាងទ្រី បានឲ្យដឹងថា នៅក្នុងរដូវវស្សាឆ្នាំនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់ជោគជាំខ្លាំង បានធ្វើឱ្យផ្លូវថ្នល់មួយចំនួន ទាំងផ្លូវក្រាល កៅស៊ូ និងផ្លូវក្រួសក្រហម តាមក្រវ៉ាត់ព្រំដែន ដែលគ្រប់គ្រងដោយមន្ទីរ រងការខូចខាតដោយកន្លែង ដែលជាមូលហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗផងដែរ។

ប្រធានមន្ទីរបានបញ្ជាក់ថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោយរដូវវស្សាកន្លងផុត ភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះធ្វើសកម្មភាពយ៉ាងផុលផុស ធ្វើការជួសជុល ថែទាំឡើងវិញផ្លូវទាំងអស់ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក និងសំបុកមាន់ រហូតមកដល់ថ្ងៃនេះយើងបានជួសជុលរួចរាល់១០០%ហើយ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវក្រួសក្រហម។

លោកបានអំពាវនាវប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើងដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ កុំយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងចាក់ដីខ្ពស់ជាងផ្លូវ ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕