(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ បានណែនាំដល់ក្រុមការងារនូវទិសដៅចំនួន៩ចំណុច ដើម្បីឱ្យការអនុវត្តការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះវិហារ ទទួលបានជោគជ័យ។
ការថ្លែងបែបនេះរបស់លោកស្រី ប៉ាង រ៉ាវី ក្នុងឱកាសដែលលោកស្រី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទរបស់លេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចប្រជុំនាឱកាសនោះ ផ្តោតសំខាន់លើការវាយតម្លៃពីចំណុចខ្លាំង និងបញ្ហាប្រឈម ក៏ដូចជាទិសដៅត្រូវអនុវត្តន៍បន្ត។ ចំពោះចំណុចខ្លាំងបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការខេត្តគ្រប់ថ្នាក់ បានធ្វើឱ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទទួលបានលទ្ធផលល្អជាច្រើន ដែលលទ្ធផលជាស្នាដៃទាំងនេះ ក៏ដោយសារមានការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការកំណត់យកបញ្ហាជួញដូរមនុស្សជាអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាធនធានប្រកបដោយសក្តានុពល នៃសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។
ដោយឡែកចំពោះបញ្ហាប្រឈមបានកត់សម្គាល់ឃើញថា ចំនួនពលករជាមនុស្សពេញកម្លាំង ដែលចេញធ្វើការនៅក្រៅប្រទេសមានមួយចំនួន ជាពិសេពលករដែលកំពុងធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស ត្រូវប្រឈម និងភាពរងគ្រោះដោយការឃាត់ខ្លួនផាកពិន័យ ការជួញដូរ ការកេងប្រវ័ញ្ច ហើយនឹងក្លាយជាបន្ទុកដោះស្រាយរបស់ខេត្ត។
ចំពោះការគ្រប់គ្រងពលករនៅតាមព្រំដែន នៅមិនទាន់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយ និងមន្ត្រីមួយចំនួននៅមិនទាន់យល់ និងខ្វះការយកចិត្តទុកដាក់ក្នុងការទទួលខុសត្រូវ អនុវត្តការងារ ដែលជាជំនាញរបស់ខ្លួន ទៅក្នុងសកម្មភាពបង្ការទប់ស្កាត់ ការជួយដល់ជនរងគ្រោះ និងកិច្ចសហការក្នុងការផ្តល់ព័ត៍មានដើម្បីបង្រ្កាបជនល្មើស ឫសង្គ្រោះជនរងគ្រោះជាដើម។
នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងដាក់ទិសដៅចំនួន៩ចំណុច ដើម្បីឱ្យការអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្តព្រះវិហារ ទទួលជោគជ័យ រួមមាន៖
*បន្តពង្រឹងកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សគ្រប់រូបភាព។
*ពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
*បន្តការងារផ្សព្វផ្សាយ អប់រំ តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យយល់ដឹងពីល្បិចកលបោកប្រាសរបស់ជនខិលខូច ដូចជាមេខ្យល់ដើរឃោសនាលួងលោមអូសទាញឱ្យទៅរកការងារធ្វើនៅក្រៅប្រទេស។
*បន្តស៊ើបអង្កេតជាប្រចាំនៅតាមបណ្តាខារ៉ាអូខេ ផ្ទះសំណាក់ រកមើលបទល្មើស អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លុវភេទ លើស្ត្រី និងកុមារ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
*បន្តអនុវត្តនិងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
*បង្កើនការគ្រប់គ្រង និងក្តាប់រាល់ការប្រែប្រួលរបស់ទេសន្តរប្រវេសន៍នៅក្ន្ងភូមិសាស្ត្រខេត្តព្រះវិហារ។
*បន្តសហការជាមួយអាជ្ញាធរប្រទេសថៃ ឡាវ ដើម្បីស្រាវជ្រាវរកពលករដែលបានឆ្លងដែនដោយខុសច្បាប់។
*បន្តសហការជាមួយអង្កការដៃគូនានា។
*អនុវត្តភារកិច្ចផ្សេងៗដែលថ្នាក់លើបានដាក់ជូន៕