(សិង្ហបុរី)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គមនៅសាធារណរដ្ឋសិង្ហបុរី។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំដោយលោកស្រី Nancy Shukri រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ស្ត្រី គ្រួសារ និងសហគមន៍ និងជាប្រធាននៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គម និងគ្រួសារ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដោយបានបង្ហាញអំពីកាលានុវត្តភាពសម្រាប់ប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រផ្សេងៗចំពោះការពង្រឹងគ្រួសារនៅក្នុងតំបន់។

ដោយឡែកការថ្លែងសុន្ទរកថារបស់លោក ជា សុមេធី បានលើកឡើងពីការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធគាំពារសង្គម និងបានរំលេចអំពីកម្មវិធីជាតិ ជំនួយសង្គមដែលកម្ពុជាបាន និងកំពុងអនុវត្តចាប់តាំងពីឆ្នាំ២០១៩ ដើម្បីជួយគាំទ្រដល់ក្រុម គ្រួសាររងគ្រោះ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមទាំងនេះបានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងការធានាសុខុមាលភាពរបស់ ប្រជាជនគ្រប់រូប។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាព និងការអភិវឌ្ឍសង្គម នៃបណ្តាប្រទេសជាសមាជិកអាស៊ានបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាពគ្រួសារអាស៊ាន ដោយអនុវត្តការសម្របសម្រួលការចែករំលែកទិន្នន័យ និន្នាការ និងការស្រាវជ្រាវពីគ្រួសារអាស៊ាន និងការពិនិត្យរួមគ្នាលើលក្ខខណ្ឌនៃកិច្ចសហការស្តីពីការពង្រឹងស្ថានភាពគ្រួសារអាស៊ាននៅរៀងរាល់ ២ឆ្នាំម្តង៕