(យូណាន, ចិន)៖ ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. និង Ju Wang Footwear Co.,Ltd., ដែលជាក្រុមហ៊ុនមួយកំពុងវិនិយោគនៅកម្ពុជារួចទៅហើយនោះ បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារ។
បំណងនេះត្រូវបានលើកឡើងថា ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានក្រុមហ៊ុន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងមានជំនឿជឿជាក់ថា កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះសម្រាប់វិនិយោគិន។
លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
សម្ដេចបវរធិបតី បានសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាចប្រេីប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់ផលិតកម្ម។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហរកិច្ចពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទូលបានជោគជ័យបន្ថែមទៀត៕