(យូណាន, ចិន)៖ ក្រុមហ៊ុន Guoxing Group Companies របស់ចិន ដែលជាក្រុមហ៊ុនមួយកំពុងវិនិយោគនៅកម្ពុជា បានបង្ហាញផែនការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតលើការបង្កើតសួនឧស្សាហកម្ម និងបង្កើតរោងចក្រ។
ផែនការនេះ ត្រូវបានបង្ហាញដោយលោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies ក្នុងពេលចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
ក្នុងជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។
លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីនរបស់ចិន បានធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជា៤លេីកមកហេីយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដេីម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។
សម្ដេចបវរធិបតី បានសម្តែងក្តីរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់នូបការគាំទ្រ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិតនូវច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕