(គុនមីង)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក កូវ តាជីង (Guo Dajin) អភិបាលរងខេត្តយូណាន លោក ចាវ កូវលាំង (Zhao Guoliang) ប្រធានមន្ទីរទេសចរណ៍និងវប្បធម៌ខេត្តយូណាន ចូលជួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណាន សម្រាប់កំណើនទេសចរមកកាន់ប្រទេសកម្ពុជា។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ហួត ហាក់ អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។
នាកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្តបានបង្ហាញពីអារម្មណ៍រីករាយក្នុងការសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនទេសចរក្នុងប្រទេសកម្ពុជា ហើយជំនួបនេះបានរៀបចំឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ័ង អ៉ីប៉ (Wang Yubo) អភិបាលខេត្តយូណាន លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណាន សម្រាប់កំណើនទេសចរមកកាន់ប្រទេសកម្ពុជា។
លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបានបង្ហាញពីការគូសចេញនូវខ្សែទស្សនកិច្ចមួយចំនួន ដែលឆ្លងកាត់ខេត្តយូណានមកកាន់កម្ពុជា និងមានសុទិដ្ឋិនិយមថាទេសចរចិនមកទស្សនាប្រទេសកម្ពុជានឹងមានការកើនឡើង ព្រោះខេត្តយូណានផ្ទាល់ទទួលបានទេសចរប្រមាណ១០០០លាននាក់ក្នុងឆ្នាំ២០២៣ ហើយបានស្នើសុំឱ្យមានការសម្រួលបែបបទផ្សេងៗ ដើម្បីជំរុញកំណើននេះ។
លោករដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរមកកម្ពុជា។ លោកក៏បានផ្តល់យោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍និងខេត្តយូណាន និងរវាងមន្ទីរទេសចរណ៍ខេត្តយូណានជាមួយមន្ទីរទេសចរណ៍នៃខេត្តណាមួយរបស់កម្ពុជា ដើម្បីបន្តការទំនាក់ទំនងជិតស្និទ្ធ មានរបបជួបប្រជុំពិភាក្សាបានទៀងទាត់ និងអាចទទួលបានលទ្ធផលជាក់ស្តែង៕