(ភ្នំពេញ)៖ យុវជនមានពិការភាពរបស់កម្ពុជា ដណ្តើមបានមេដាយមាសពីរគ្រឿង និងប្រាក់ពីរគ្រឿង ពីការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន។
ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពីលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានដឹកនាំយុវជនមានពិការភាពចំនួន៤រូប និងគ្រូបង្វឹកចំនួន២រូប ទៅចូលរួមការ ប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
យោងតាមលទ្ធផលដែលប្រកាសជាផ្លូវការនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយគណៈកម្មការរៀបចំការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ កម្ពុជាទទួលបានមេដាយសរុបចំនួន៤គ្រឿង ក្នុងនោះមានមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់ចំនួន២គ្រឿង៕