(ឧត្តរមានជ័យ)៖ ក្រសួងបរិស្ថាន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំដំណេីរទស្សនកិច្ចជូនគណៈប្រតិភូស្ថានទូតសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដឹកនាំដោយលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសកម្ពុជា ដើម្បីចុះទៅមេីលដំរីខាវ៉ាន ដែលបាននាំយកពីប្រទេសប៉ាគីស្ថានមករស់នៅប្រទេសកម្ពុជា នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្ដរមានជ័យ កាលពីឆ្នាំ២០២០។
ដំណេីរទស្សនកិច្ចនេះ ដឹកនាំដោយលោក ហាវ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជេីញចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក នន់ ថា អភិបាលរងស្រុកអន្លង់វែង សមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង និងអធិការរងនៃអធិការដ្ឋានស្រុកអន្លង់វែង។
ក្នុងដំណេីរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូត បានកោតសរសេីរដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា(Cambodia Wildlife Habitat Conservation Organisation ) និងមូលនិធិ Save Elephant Foundation ព្រមទាំងអ្នកស្ម័គ្រចិត្តមេីលថែរក្សាដំរីខាវ៉ាន់បានយ៉ាងល្អ និងមានសុខភាពមាំមួន។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានផ្ដាំផ្ញេីគោរពថ្លែងអំណរគុណដល់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់ឱកាសដល់រូបលោកនិងគណៈប្រតិភូមបានមកមេីលពីស្ថានភាពរស់នៅរបស់ដំរីខាវ៉ាន់ នៅទីតាំងដោយផ្ទាល់។
សូមបញ្ជាក់ថា បច្ចុប្បន្នដំរីខាវ៉ាន់ មានដំរីញីចំនួន២ក្បាល នៅជាមួយផងដែរ គឺឈ្មោះ ស្រីអៀន និងជីប្លក់ តែដំរីខាវ៉ាន់ ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕