(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការផ្សាយរបស់សារព័ត៌មាន VOD Khmer ដែលថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវគេលក់ឱ្យឈ្មួញក្រោមរូបភាពដោះដូរដី។ ភាពជាក់ស្ដែងនោះ គឺមិនមែនជាការលក់ដូរ ឬដោះដូរដីឡើយ តែវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកំពុងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលស្ថិតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។
សូមរំឭកថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ VOD Khmer បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook, TikTok និង YouTube Channel ថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី»។
តបទៅនឹងព័ត៌មាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រកាសបដិសេធ និងច្រានចោល ទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងចាត់ទុកថាការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្អួចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងបំពុលបរិយាកាសសង្គមដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។
ផ្ទុយពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងគោលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បាននិងកំពុងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានការទទួលស្គាល់កម្រិតជាតិ តំបន់ និងអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ ដើម្បីបំពេញតម្រូវការនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ជាពិសេសឆ្លើយតបទៅនឹងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដោយកំពុងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនៅសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ រាជធានីភ្នំពេញ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏បានបដិសេធទាំងស្រុងនូវព័ត៌មានមិនពិត ដែលផ្សព្វផ្សាយដោយសារព័ត៌មាន VOD Khmer និងស្នើសុំធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ៕