(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡងថា កាលណាគេនិយាយអំពីវប្បធម៍ អរិយធម៌ គេសម្លឹងមើលប្រាសាទអង្គរវត្ដដ៏អស្ចារ្យនេះ ដែលសម្ដែងនូវភាពដែលមិនអាចកាត់ថ្លៃបាននូវវប្បធម៍ដ៏សម្បូរបែប ដែលដូនតារបស់យើងបានឆ្លាក់នៅលើផ្ទាំងអង្គរវត្ដ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ កម្ពុជាក្នុងសម័យអាណានិគមបារាំង»
មានការអញ្ជើញចូលរួមពី លោកបណ្ឌិត សុង ស៊ីណា អ្នកស្រាវជ្រានៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ជូ ច័ន្ទដារី ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា លោកសាស្ត្រាចារ្យ Carlyle Thayer សាស្ត្រាចារ្យនៃសាលាមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម UNSW Canberra ប្រទេសអូស្ត្រាលី លោក Blaise Kilian សហនាយក SOSORO នៃសារមន្ទីរ ព្រះស្រីឦសាន្តវរ្ម័ន តំណាងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ ព្រមទាំងថ្នាក់ដឹងនាំជាន់ខ្ពស់ និងសិស្សនិស្សិតជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតកម្ពុជាមានការរីកចម្រើនជាអាណាចក្រដ៏អស្ចារ្យមួយ ដែលយើងអាចកត់សម្គាល់ទាំងនៅលើពិភពលោក ទាំងនៅក្នុងតំបន់ គេនិយាយអំពីនគរភ្នំ ឬនគរហ្វូណន គេនឹកឃើញកម្ពុជា។ កាលណាគេនិយាយអំពីវប្បធម៍ អរិយធម៌ គេសម្លឹងមើលប្រាសាទអង្គរវត្ដដ៏អស្ចារ្យនេះ ដែលសម្ដែងនូវភាពដែលមិនអាចកាត់ថ្លៃបាននូវវប្បធម៍ដ៏សម្បូរបែប យើងឃើញហើយថា ដូនតារបស់យើងបានឆ្លាក់នៅលើផ្ទាំងអង្គរវត្ដ រួមមាន៖ ត្រី សំពៅ កសិកម្ម ទាំងអស់នេះ ជាការបង្ហាញនៅពេលដែលធ្វើកសិកម្មត្រូវមានអ្វី? ត្រូវមានធនធានទឹក ត្រូវមានបារាយណ៍ ត្រូវមានកាកសិន ទាំងអស់នេះ បានបង្ហាញនូវភាពអស្ចារ្យនៃបរិបន្នក្នុងប្រវត្ដិសាស្ដ្រខ្មែរ»

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ដថា តាំងពីដើមមកខ្មែរ រៀននៅក្នុងវត្ដនាសម័យនោះ វត្ដមានចំនួន៥ មានដូចជា វត្ដជាសាលារៀន «បណ្ដុះបណ្ដាលវិជ្ជាជីវៈ» វត្ដជាមន្ទីរពេទ្យ «អប់រំផ្លូវចិត្ដ អប់រំប្រវត្ដិសាស្រ្ដ» វត្ដជាសួនច្បារ «មានការដាំដើមឈើ និងរៀបចំដាំផ្កា» វត្ដជាទីប្រជុំជន ជាទីប្រជុំ «ព្រោះគេធ្វើជាសាលាឆទានជាកន្លែងសម្រាប់ជួយសង្គម ឬសាលា និងភូមិដ្ឋាន» វត្ដជាកើតចាស់និងស្លាប់នៅលើវត្ដ ទាំងប្រាំចំណុចនេះបានដើរតួរយ៉ាងសំខាន់។

សន្និសីទអន្តរជាតិនេះ ត្រូវបានបែងចែកកិច្ចពិភាក្សាក្នុងនោះរួមមាន៖ កិច្ចពិភាក្សាវគ្គទី១ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៤៥-១៨៦៣ «កត្តាដែលបារាំងចូលមកឥណ្ឌូចិន»
កិច្ចពិភាក្សាវគ្គទី២ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៦៣-១៩០៤ «បារាំងបានផ្លាស់ប្ដូរ ប្រទេសកម្ពុជា ទៅជាអាណានិគមនិយម» និងកិច្ចពិភាក្សាវគ្គទី៣ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៩០៤-១៩៥៣ «កម្ពុជា បានតស៊ូទាមទារឯករាជ្យ» តើកម្ពុជាបន្ដដំណើរឆ្ពោះទៅមុខ ក្រោយការទទួលបានឯករាជ្យដោយេបៀបណា?។

គួរជម្រាបដែរថា សន្និសីទអន្តរជាតិ​នេះ មានគោលបំណងចំនួន៨រួមមាន៖
*១៖ ស្វែងរកធាតុចូលពីអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីឱ្យអត្ថបទដែលបានសរសេររួចហើយ បានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជា
*២៖ ពង្រឹងនិងការពារនិរន្តរភាពនៃការស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា
*៣៖ បញ្ញាបចំណេះដឹងប្រវត្តិសាស្ត្រខ្មែរទៅដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាធារណជន និងយុវជនឱ្យយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាជា ពិសេសក្នុងសម័យអាណានិគមបារាំង
*៤៖ លើកកម្ពស់ការយល់ដឹង និងកសាងបណ្តាញប្រវត្តិសាស្ត្រកម្ពុជា ក្នុងចំណោមអ្នក ស្រាវជ្រាវជាតិនិងអន្តរជាតិ
*៥៖ ពិនិត្យទស្សនៈផ្សេងគ្នាលើប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង
*៦៖ ពង្រឹងនិងជំរុញការស្រាវជ្រាវប្រកបដោយនិរន្តរភាពលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
*៧៖ រួមចំណែកក្នុងជំរុញការសិក្សាប្រវត្តិសាស្ត្រខ្មែរ
*៨៖ ផ្ទៀងផ្ទាត់ខ្លឹមសារនិងទិន្នន័យអំពីប្រវត្តិសាស្ត្រខ្មែររវាង អ្នកស្រាវជ្រាវមកពីប្រភពនានា៕