(ចិន)៖ លោក នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អមដំណើរដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចូលរួមសន្និសីទអន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការសមាហរណកម្ម ឧស្សាហកម្ម ការអប់រំ និងការស្រាវជ្រាវលើវិស័យយានយន្ត និងអេឡិចត្រូនិក ឆ្នាំ២០២៤ ( 2024 International Conference on the Cooperation and Integration of Industry, Education, Research, and Application)។

សន្និសីទនេះត្រូវបានសហការរៀបចំឡើងដោយរដ្ឋាភិបាលក្រុងឆុងឈីង គណៈកម្មការអប់រំក្រុងឆុងឈីង និងសកលវិទ្យាល័យបច្ចេកទេសក្រុងឆុងឈីង នាថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយានយន្ត និងកិច្ចការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ក្នុងការជំរុញការអនុវត្តនូវលទ្ធផលស្រាវជ្រាវ ការធ្វើបទបង្ហាញ និងពិភាក្សាគ្នា ពីសហគ្រាសយានយន្តចិន និងកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរស៊ីជម្រៅ ដំណោះស្រាយការច្នៃប្រឌិត ការអប់រំ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាផងដែរ៕