(ភ្នំពេញ)៖ ៣៣ឆ្នាំមុននេះ គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១, អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា បានយាងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយក្សត្រទាំងទ្វេគង់ក្នុងភាពនីរទេសជាច្រើនឆ្នាំ។ Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវជុំវិញថាតើសម្តេចតាទួត និងសម្តេចយាយ អាចយាងវិលត្រឡប់មកកម្ពុជាវិញដោយរបៀបណា?
៣៣ឆ្នាំមុននេះ គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១, អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា បានយាងវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីគង់ក្នុងភាពនិរទេសអស់ រយៈពេល១៣ឆ្នាំ។ ក្តីសង្ឃឹមការវិលត្រឡប់មកវិញនៃរបបរាជានិយម ដែលបាត់ស្រមោល ដោយសាររដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ក៏មានពន្លឺចែងចាំងមកលើប្រទេសកម្ពុជាសាជាថ្មី។
ព្រះរាជដំណើរយាងវិលត្រឡប់របស់ក្សត្រទាំងទ្វេរ គឺក្រោយ២២ថ្ងៃ បន្ទាប់ពីមានកិច្ចព្រមព្រៀង ក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលជាថ្ងៃចុះហត្ថលេខា រវាងតំណាងក្រុមខ្មែរបដិបក្ខ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម និងការរកសន្តិភាពសាឡើងវិញ ក្រោមការជួយត្រួសត្រាយពីសហគមន៍អន្តរជាតិ។
* ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ជាពន្លឺនៃការរស់ឡើងវិញនៃរបបរាជានិយម ក្រោយ២២ឆ្នាំនៃការដួលរំលំ
ប្រទេសកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បន្ទាប់ពីរបបរាជានិយម ត្រូវបានក្រុមក្បត់ជាតិផ្តួលរំលំក្រោមលេសនយោបាយចោទប្រកាន់ថាអតីត ព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ បានកាត់ទឹកដីខ្មែរលក់ឱ្យយួនយៀកកុងយៀកណាមខាងជើង។ ជនក្បត់ជាតិ លន់ នល់, ចេង ហេង និងទ្រង់ សីរីមតៈ បានផ្លាស់ប្តូរទំរង់ដឹកនាំពីរបបរាជានិយមជំនាន់នោះ ឱ្យក្លាយទៅជារបបសាធារណរដ្ឋដែលទាំងនេះ គឺជាដើមចមដ៏ធំបំផុតនៃការនាំស្រុកទេសខ្មែរ ឱ្យធ្លាក់ចូលក្នុងហាយនភាពសង្គ្រាម។ សហរដ្ឋអាមេរិក បានគាំទ្រអំពើរដ្ឋប្រហារក្បត់ជាតិនោះ និងបានផ្តល់ជំនួយដល់ក្រុមធ្វើរដ្ឋប្រហារទាំងនោះ ថែមទៀត។
រដ្ឋប្រហាររំលាយរបបរាជានិយមនៅក្នុងខែមីនា ឆ្នាំ១៩៧០នាពេលនោះ គឺក្នុងរង្វង់ពេលដែលសម្តេចព្រះ នរោត្តម សីហនុ កំពុងយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសបារាំង។ ក្រោយការធ្វើរដ្ឋប្រហារ, លន់ នល់ បានក្លាយជាមេដឹកនាំថ្មី ដោយបានធ្វើការកែច្បាប់ និងកែរដ្ឋធម្មនុញ្ញជាតិ ផ្លាស់ប្តូររបបពីរាជានិយមក្លាយជារបបសាធារណរដ្ឋជាមួយនឹងការចាប់ដាក់គុកនូវសែរាជវង្សខ្លះដែលស្មោះត្រង់នឹងសម្តេចព្រះ នរោត្តម សីហនុ។ របៀបវារៈសំខាន់នៃការដឹកនាំនយោបាយរបស់ លន់ នល់ នាពេលនោះគឺការបណ្តេញជនជាតិវៀតណាមចេញពីទឹកដីសាធារណរដ្ឋខ្មែរលោក លន់ នល់។
សង្គ្រាមក្នុងស្រុកអស់រយៈពេល៥ឆ្នាំ៨ថ្ងៃ មានមនុស្សស្លាប់ជាងកន្លះលាននាក់ និងបានទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ របបកម្ពុជាប្រជាធិបតេយ្យ ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ បានបន្តនាំប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមកាន់តែធ្លាក់ចួលក្នុងស្ថាននរកអវចី ដោយក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃនៃការគ្រប់គ្រងរបស់ខ្លួននោះមានពលរដ្ឋខ្មែរ ជាងបីលាននាក់ត្រូវបានបាត់បង់ជីវិតដោយអំពើសម្លាប់រង្គាល និងការធ្វើទុក្ខបុកម្នេញ។ ក្នុងរបបដឹកនាំខ្មែរក្រហមនោះ នៅជាមួយនឹងបាវចនាព្រះមហាក្សត្រ ដែលរលាយបាត់ទៅហើយនោះ ក្រុមធ្វើបដិវត្តន៍ស្លៀកខោអាវខ្មៅ បានរំលាយបាវចនាសាសនាថែមទៀត។
ព្រះសង្ឃពុទ្ធសាសនា ត្រូវបានចាប់ផ្សឹក, វត្តអារាម ក្លាយជាគុកដាក់អ្នកទោស និងប្រទេសកម្ពុជានាពេលនោះ លែងមានការគោរពសាសនាទៀតហើយនិងអំពើរំលោភកាប់សម្លាប់មនុស្ស, រំលោភបំពានលើសាសនាទាំងនេះ ត្រូវបានពិភពលោកបាន មើលរំលង និងគ្មានក្រុមសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យណាបានមកជួយសង្គ្រោះកម្ពុជាក្នុង ពេលនោះឡើយ បើសិនជាគ្មានការមកជួយរំដោះទាន់ពេលវេលារបស់កងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ដែលសហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះទេ។
ប៉ុន្តែនៅជាមួយនឹងការជួយសង្គ្រោះប្រជាជនកម្ពុជា បានរស់រានមានជីវិតសាឡើងវិញ និងរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហមនោះ សហគមន៍អន្តរជាតិមិនត្រឹមតែមិនជួយអបអរសាទរប៉ុណ្ណោះទេ កម្ពុជាដែលក្រីក្រទើបនឹងរំដោះគ្រានោះ ត្រូវបានគេចោមរោមហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចជាតិ និងថែមទាំងលើកឱ្យរបបដឹកនាំខ្មែរក្រហមសម្លាប់មនុស្ស ធ្វើតំណាងខ្មែរនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំថែមទៀត។
* ហេតុអ្វីសហរដ្ឋអាមេរិក ដែលរុញច្រានកម្ពុជា ចូលក្នុងភ្នក់ភ្លើងសង្គ្រាមហើយបែរជាព្រងើយមិនដាក់ទោសក្រុមខ្មែរក្រហម?
ឯកសារទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជារវាងពីឆ្នាំ១៩៥០ដល់ឆ្នាំ២០១០ បានសរសេរបង្ហាញអំពីប្រវត្តិពាក់ព័ន្ធនៃសង្គ្រាម និងចរឹតនយោបាយធ្វើគ និងថ្លង់របស់សហរដ្ឋអាមេរិកដោយសារតែផលប្រយោជន៍នយោបាយ។
ឯកសារបានសរសេរបង្ហាញថា ក្នុងពេលដែលកម្ពុជាបានធ្លាក់ចូលក្នុងការគ្រប់គ្រង នៃរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ នោះ គឺមិនមែនសហរដ្ឋអាមេរិក មិនដឹងសោះអំពីរឿងដែលកើតឡើងក្នុងប្រទេសកម្ពុជានោះឡើយ។ នៅឆ្នាំ១៩៧៨ ប្រធានាធិបតីអាមេរិកទី៣៩របស់អាមេរិក គឺលោក Jimmy Carter បានចេញសេចក្តីថ្លែងការមួយថ្កោលទោសសកម្មភាពរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយថែមទាំងបានប្រើពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងសេចក្តី ថ្លែងការណ៍នោះថែមទៀត។ មានន័យថាប្រធានាធិបតីអាមេរិក ក៏បានដឹងអំពីករណីកាប់ សម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជានោះដែរ ប៉ុន្តែសហរដ្ឋអាមេរិកនៃប្រទេសអួតអាងជាបិតាលទ្ធិប្រជាធិបតេយ្យ មិនបានជួយសង្គ្រោះខ្មែរដែលរងទុក្ខវេទនា ឬយកទុក្ខសោករបស់ខ្មែរ ក្នុងជំនាន់នោះ ប្រកាសឱ្យពិភពលោកបានដឹងឡើយ។
ដោយសារតែផលប្រយោជន៍នយោបាយបិទបាំងមុខ សហរដ្ឋអាមេរិកបានទុកឱ្យកម្ពុជានៅបន្តរងគ្រោះ រហូតដល់ចុងឆ្នាំ១៩៨៩ នៅពេលដែលមហាកំពែងក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានដួលរំលំ ទន្ទឹមនឹងមានកិច្ចប្រឹងប្រែងចរចាគ្នារវាងខ្មែរនិងខ្មែរជាគួបដិបក្ខ ដើម្បីរកការបញ្ចប់សង្គ្រាមស៊ីវិលក្នុងស្រុក។
* សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ គឺជាអតីតតួអង្គសំខាន់នៃការចរចា ដើម្បីការបំបាត់សង្គ្រាម និងស្វែងរកសន្តិភាព
ខណៈខ្មែរទាំងបួនក្រុម បានជួបចរចាគ្នានោះ គេសង្កេតឃើញមានតែភាគីអតីតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន-ហ៊ុន សែន និង ភាគីហ្វ៊ុន ស៊ិនប៉ិច ដឹកនាំដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ តែប៉ុណ្ណោះ ដែលជាភាគីមានបំណងពិតក្នុងការស្វែងរកសន្តិភាពមកឲ្យមាតុភូមិកម្ពុជាវិញ។
ភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតនូវជំនួបចរចាលើកទី១ រវាងភាគីខ្មែរ គឺរវាងលោក ហ៊ុន សែន និង សម្តេចព្រះ នរោត្តម សីហនុ ដែលជំនួបនោះ បានប្រព្រឹត្តទៅដំបូងនៅ Fere-En-TARDENOIS ក្នុង ប្រទេសបារាំងរវាងពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧, បន្ទាប់មកគឺការចរចា សីហនុ-ហ៊ុន សែនលើកទី២ ប្រព្រឹត្តនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ក្នុងប្រទេសបារាំង។
ផ្តើមចេញពីជំនួបបើកផ្លូវរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន ទាំងពីរលើកនេះហើយទើបចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង។ វេទិកាចរចាត្រូវ បានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាវេទិកានៅ JIM1 JIM2 ដែលគេស្គាល់ថា Jakarta Informal Meeting លើកទី១ និងលើកទី២ និងកិច្ចប្រជុំ IMC Informal Meeting of Cambodia រហូតឈានទៅដល់សន្និសីទទីក្រុងប៉ារីស ដែលចុងក្រោយបានឈានទៅដល់ការចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
២២ថ្ងៃ បន្ទាប់ពីមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះរួចមក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរទៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីអមព្រះរាជដំណើរអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយាយាងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១ និងរហូតដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ។ តាមរយៈកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីពេលនោះហើយបាវចនាព្រះរាជបល្ល័ង្គ បានវិលត្រឡប់មកកម្ពុជាវិញចាប់តាំងពីពេលនោះមក។
នៅក្នុងឆ្នាំ ២០០៤ សម្តេចព្រះ នរោត្តម សីហនុ បានដាក់រាជ្យ និងប្រគល់ឱ្យព្រះរាជបុត្រា សម្តេចព្រះ នរោត្តម សីហមុនី សោយរាជ្យបន្ត រហូតមកទល់បច្ចុប្បន្ននេះ។ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានយាងចូលទីវង្គតក្នុងឆ្នាំ២០១២ ក្នុងជន្មាយុ៩០ព្រះវស្សា។ សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្នុងព្រះរាជពិធីខួប២០ព្រះវស្សា នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង បានមានប្រសាសន៍រំលឹកត្រួសៗ នូវប្រវត្តិពីអតីតកាលនៃការរស់ឡើងវិញនៃរបបរាជានិយម៖
«ឆ្លៀតឱកាសដ៏កំរនេះ សូមរាជានុញ្ញាត ឱ្យទូលបង្គំរំលឹករឿងអតីតកាលខ្លះ ដែលទាក់ទងដល់រាជបល្ល័ង្កនូវរបបរាជានិយមនៅកម្ពុជា, ក្រោមកណ្ដាប់ដៃនៃរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ។ របបរាជានិយម ត្រូវបានបំបាត់ចោល និងឆ្លងកាត់របបនយោបាយផ្សេងៗគ្នា ៣ជំនាន់ រយៈពេល២៣ឆ្នាំ ទើបរបបរាជានិយមត្រូវបានបង្កើតឡើងវិញ ដែលនេះគឺជាអច្ឆរិយហេតុតែមួយគត់នៅលើពិភពលោកយើងនេះ។ ទូលព្រះបង្គំនិងភរិយា ពិតជាមានមោទនភាពដែលបានដង្ហែរ សម្តេចឳ សម្តេចម៉ែ និងព្រះរាជនុវង្សានុវង្ស ចូលមាតុប្រទេសក្នុងព្រះបរមរាជវាំងវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។
ទូលព្រះបង្គំ រួមជាមួយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានដឹកនាំសមាជិក សមាជិកា សភានៃគណបក្សប្រជាជន និងគណបក្ស ហ៊្វុនស៊ិនប៉ិច ដោយមានកិច្ចសហការ ពីគណបក្សដែលមានអសនៈ ក្នុងសភាធម្មនុញ្ញ អនុម័តបានរដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងវិញនូវរបបរាជានិងយម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣, ក្នុងឋានៈជាសមាជិកក្រុមព្រឹក្សារាជសម្បត្តិ។ ទូលព្រះបង្គំបានចូលរួម បោះឆ្នោតថ្វាយសម្តេចឳ ជាព្រះមហាក្សត្រដំបូងនៃព្រះរាជាណាចក្រកម្ពុជាទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ២០ឆ្នាំមុននេះ ជាថ្មីម្តងទៀតទូលព្រះបង្គំបានចូលរួមបោះឆ្នោត ថ្វាយព្រះករុណាជាអង្គម្ចាស់ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិផង និងក្នុងឋានៈជាប្រធានគណៈកម្មការបោះឆ្នោត ដោយមានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាសមាជិកផង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ នៅក្នុងព្រះបរមរាជវាំងនេះ។
២០ឆ្នាំក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា អនុញ្ញាតឱ្យទូលព្រះបង្គំ បានបំពេញបេសកម្ម ដឹកនាំរាជរដ្ឋាភិបាលប្រកបដោយជោគជ័យធានាដល់ការបន្តវេន ពីជំនាន់ចាស់ ទៅកាន់ជំនាន់ថ្មី ដែលសុទ្ធសឹងតែជាអ្នកស្មោះត្រង់ និងការពាររបបរាជានិយមយ៉ាងរឹងមាំ ដែលគ្មានអានុភាពប្រតិកិរិយាណាមួយអាចបំផ្លាញរាជបល្ល័ង្កបានឡើយ»។
គឺ៣៣ឆ្នាំមុននោះហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញ អមព្រះរាជដំណើរអតីត ព្រះមហាក្សត្រ និងព្រះជាយា តាំងពីរដ្ឋធានីប៉េកាំងនៃប្រទេស ចិនតាមជើងយន្តហោះពិសេស ដែលបានចុះចតនាអតីតព្រលានយន្តហោះពោធិ៍ចិនតុង។
៣៣ឆ្នាំមុននោះ រូបថតមួយសន្លឹកនៃព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់ប្រថាប់លើរថយន្តជាមួយសម្តេច ហ៊ុន សែន ក្នុងពេលយាងត្រឡប់ចូលមកប្រទេសកម្ពុជាជាលើកដំបូងនោះ ត្រូវបានធនាគារជាតិកម្ពុជា បានរំលេចនៅលើក្រដាសប្រាក់ថ្មី ៣០,០០០រៀល។
ក្នុងការអមព្រះរាជដំណើរពីអតីតព្រលានយន្តហោះ ពោធិ៍ ចិនតុង មកកាន់ព្រះបរមរាជវាំង, អតីតព្រះមហាក្សត្រ និងសម្តេចតេជោ បានស្ថិតលើព្រះទីនាំងរថយន្ត Chevrolet Impala ផលិតឆ្នាំ១៩៦៣ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញអមសម្តេចម៉ែ តាមរថយន្តផ្សេងមួយទៀត ដាច់ដោយឡែក ដោយមានការចេញមកទទួលស្វាគមន៍ យ៉ាងកក់ក្តៅនិងដ៏មហោឡារិកពីប្រជាជនខ្មែរច្រើនម៉ឺននាក់តាមដងផ្លូវក្នុងក្រុងភ្នំពេញនា ជំនាន់នោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទម្លាយឱ្យដឹងនូវអាថ៌កំបាំងមួយទៀតឱ្យដឹងដែរថា នៅថ្ងៃទី១៤ វិច្ឆិកា ១៩៩១នោះ សម្តេចក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃសម័យរដ្ឋកម្ពុជា គឺប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ ពាក់អាវក្រោះការពារគ្រាប់កាំភ្លើងឈរយ៉ាងអង់អាច ទន្ទឹមក្បែរព្រះអង្គជានិច្ច នៅពេលធ្វើដំណើរពីព្រលានយន្តហោះ ឆ្ពោះទៅព្រះបរមរាជវាំង។ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយអគ្គនាយក Fresh News លោក លឹមជា វុត្ថា នៅថ្ងៃទី២១ តុលា ឆ្នាំ ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា៖
«នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាល នៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុងប្រទេសកម្ពុជា, ហើយនៅមុនពេលយន្តហោះ ចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុងគោលបំណងដើម្បីការពារព្រះអង្គ, ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឱ្យបានជាដាច់ខាត»។
សម្តចតេជោបានបន្តថា «កាលណោះព្រះអង្គមិនបានដឹងថា សម្តេចពាក់អាវក្រោះការពារគ្រាប់កាំភ្លើងទេ លុះរំលងបានប្រមាណជាង២ឆ្នាំក្រោយមក ទើបសម្តេចបានទូលព្រះអង្គអំពីរឿងហ្នឹង» ។
៣៣ឆ្នាំមុន គឺនៅក្នុងខែវិច្ឆិកាដូចគ្នានេះផងដែរ ក្នុងពេលដែលអតីតព្រះមហាក្សត្រ និងព្រះជាយាទើបបានយាងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាបាន៦ថ្ងៃ ជាលើកដំបូងនោះ ក្រុងភ្នំពេញ បានរៀបចំទិវាបុណ្យអុំទូកជាលើកដំបូង ដែលមានការយាងចូលរួមពីអតីតព្រះ មហាក្សត្រខ្មែរក្នុងពេលនោះ ដែលគេនៅចាំបានថា ព្រះរាជដំណើរវិលត្រឡប់របស់ក្សត្រទាំងទ្វេរ មកកាន់មាតុប្រទេសកម្ពុជាវិញ គឺជាសក្ខីកម្មដ៏ច្បាស់ណាស់នៃការចារទុកក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលគេត្រូវចងចាំទុកថា គឺសម្តេចតេជោ ហ៊ុន សែន នេះហើយ ដែលជាអ្នកត្រួសត្រាយដ៏សកម្មបំផុតដើម្បីការរស់ឡើងវិញនៃរបបរាជានិយមរបស់ប្រទេសកម្ពុជារហូត មកទល់នឹងពេលនេះ៕