(ភ្នំពេញ)៖ ដូចបណ្ដាឆ្នាំមុនៗដែរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណៈជន ក៏ដូចជាការផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug។

ការផ្សព្វផ្សាយនេះ ការចូលរួមសហការពីគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា អង្គការមិត្តសំឡាញ់ អង្គការកសាង បណ្តាញបុរសស្រលាញ់បុរស អង្គការKHANA គ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC និងក្រុមហ៊ុនទេសចរណ៍ឆាយភល។
 
កម្មវិធីផ្សព្វផ្សាយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាធ្វើសកម្មភាពគ្របដណ្ដប់ទៅលើសាធារណៈជនទូទៅដោយមិនប្រកាន់ថា គាត់ជាកីឡាករចំណុះទូក ប្រជាពលរដ្ឋ សិស្សានុសិស្ស ឬមួយអីទេ គឺធ្វើការផ្សព្វផ្សាយលើគោលដៅសាធារណៈជនទូទៅគ្រប់សមាសភាពទាំងអស់។
 
កម្មវិធីផ្សព្វផ្សាយបានរៀបចំឲ្យមានជាការផ្សព្វផ្សាយចល័ត និងការផ្សព្វផ្សាយអចល័ត។

*ការផ្សព្វផ្សាយចល័ត គឺធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដោយយុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា អង្គការមិត្តសំឡាញ់ អង្គការកសាង បណ្តាញបុរសស្រលាញ់បុរស អង្គការ KHANA ក្នុងនោះ៖

សកម្មភាពទី១៖ ការចែកខិតប័ណ្ណសារព្រមានពាក់ព័ន្ធនឹងគ្រឿងញៀនផលប៉ះពាល់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក៏ដូចជាការជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ធ្វើជាឧបករណ៍រាយការណ៍ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

សកម្មភាពទី២៖ គឺជាសកម្មភាពរបស់មហាជនដើរដង្ហែរជាក្បួនផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug គោលដៅពីខាងជើងវេទិកាបុណ្យអុំទូក ទៅតំបន់វត្តភ្នំ។
 
*ការផ្សព្វផ្សាយចល័ត

សកម្មភាពទី១៖ ការប្រគំតន្ត្រីដោយមានការចូលរួមពីតារាចម្រៀងមកពីក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា មានដូចជា អ្នកនាង ខាត់ សួស្តី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ លោក រាជ ប្រាថ្នា លោក បូ តាំងហៀងកញ្ញា សុខុម រចនា សហព័ន្ធកីឡាគុនល្បុក្កតោ អ្នកចម្រៀងមហាជនក៏ដូចជាប្រជាជនទូទៅ អាចមានឱកាសក្នុងការច្រៀងលេងកម្សាន្ត ដើម្បីបង្កើតកម្មវិធីសប្បាយៗ ទាក់ទាញឲ្យមានការចូលរួមពីមហាជនដូចគ្នា ក្នុងនោះអ្នកដែលឆ្លើយសំណួរពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវ គឺយើងផ្តល់ជូនគាត់នូវវត្ថុអនុស្សាវរីយ៍មាន៖ ឆត្រ មួក អាវយឺត សៀវភៅ ប៊ិច កែវទឹក ដែលបានការឧបត្ថម្ភពីក្រុមហ៊ុនឯកជនជួយគាំទ្រ។

សកម្មភាពទី២៖ កម្មវិធីពិសេស គឺការដាក់ស្តង់តាំងពិព័រណ៍នៅរូបភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនសកម្មភាព របស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិក្នុងការចូលរួមបំផុសឲ្យមានការចូលរួមជាចលនាជាតិ។

សកម្មភាពទី៣៖ ការផ្សព្វផ្សាយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយ ក្នុងកម្មវិធីគ្រប់ស្ថានីយ៍ទូរទស្សន៍ផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ បញ្ជ្រៀបសារក្នុងកម្មវិធីប្រណាំងទូក (អក្សរត់ និងពិធីករនិយាយ) ទូរទស្សជាតិកម្ពុជា និងទូរទស្សន៍ឯកជន វិទ្យុជាតិកម្ពុជា បញ្ជ្រាបសារអប់រំតាមកម្មវិធីកម្សាន្ដសប្បាយ ការប្រគំតន្រ្តីរបស់ក្រុមហ៊ុនឯកជនរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

សកម្មភាពទី៤៖ ការដាក់តាំងនូវបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន តាមដងវិថីសំខាន់ ផ្លូវឆ្លងកាត់ ផ្លូវទៅកាន់រមណីយដ្ឋាន នៅគ្រប់រាជធានី ខេត្ត៕