(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើសុំការយោគយល់ ចំពោះសម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ដែលមកដល់ពេលនេះ មិនទាន់មានការតែងតាំងសម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជំនួសសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលយាងចូលទិវង្គត កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
សម្តេចតេជោ ស្នើសុំឱ្យបងប្អូនរួមជាតិ ទុកពេលវេលាបន្តិចសិន ព្រោះការតែងតាំងសម្តេចព្រះមហាសង្ឃរាជ មិនមានភាពបន្ទាន់ពេកនោះទេ ខណៈសម្តេចបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំនូវការពន្យារពេលនៃការតែងតាំងរួចរាល់ហើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់រ បស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាត មន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ពិតជាដាក់ជាចម្ងល់ថា សម្តេចព្រះសង្ឃរាជ [សម្តេច ទេព វង្ស] បានសោទិវង្គតទៅហើយ ហេតុអ្វីមកដល់ម៉ោងនេះ មិនទាន់ចាត់តាំងសម្តេចព្រះសង្ឃរាជ? ខ្ញុំព្រះករុណាខ្ញុំ ស្នើសុំការយោគយល់ ទុកពេលវេលាបន្តិច ព្រោះថាគ្មានភាពបន្ទាន់ពេកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាជាមួយសម្តេច អំ លឹមហេង សម្តេច ណយ ច្រឹក ដោយស្ងាត់ស្ងៀម ហើយខ្ញុំព្រះករុណាខ្ញុំ ក៏ចូលទៅថ្វាយបង្គំ ទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំនូវការពន្យារពេលនៃការតែងតាំងសិន»។
សម្តេចបន្ថែមថា «ដោយសារតែខ្ញុំព្រះករុណាខ្ញុំ ជាមនុស្សចាស់ទុំម្នាក់ ហើយក៏កាន់មុខតួនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ខ្ញុំព្រះករុណាខ្ញុំ ពិតជាជំនួយការថ្វាយយោបល់ព្រះមហាក្សត្រ ទៅលើរឿងអស់នេះ ព្រោះមានតែព្រះមហាក្សត្រទេ ដែលព្រះអង្គមានព្រះរាជសិទ្ធិ លើការតែងតាំង [...] អីចឹងសុំថា ការតែងតាំងនរណាជា សម្តេចព្រះសង្ឃរាជ ឬសម្តេចព្រះសង្ឃនាយក ខាងមហានិកាយ គឺខ្ញុំព្រះករុណាខ្ញុំ សុំរក្សាការសង្ងាត់នៅទីនេះសិន»។
សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះរាជដំណាក់ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះអង្គត្រូវបានប្រសូត្រនៅឆ្នាំ១៩៣២។ ទ្រង់បានបួសអស់រយៈពេល៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងជន្មាយុ៩៣ព្រះវស្សា។
ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្តជាច្រើនទាំងផ្នែកសាសនា ក្នុងការចូលរួមចំណែកសាងសង់សមិទ្ធផលនានាក្នុងសង្គម និងការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
បច្ចុប្បន្ន សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលមានព្រះជន្ម ១០១ព្រះវស្សា ទទួលជាសម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា៕