(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលជាផ្លូវការ ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និងកុំព្យូទ័រ។
ពិធីនេះរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់នាំនៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតជាច្រើនរូបផងដែរ។
នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ាន សុខុម បានឱ្យដឹងថា សទ្ទានុក្រមឆ្នាំ២០២៤នេះ ជាសទ្ទានុក្រមដែលមានមេពាក្យបីភាសា (ខ្មែរ អង់គ្លេស បារាំង) និងសេចក្ដីពន្យល់ជាភាសាខ្មែរ ហើយបានមកពីការច្របាច់បញ្ចូលគ្នានៃសទ្ទានុក្រមដែលបានបោះពុម្ពពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៤ រួមមាន បច្ចេកសព្ទកសិកម្ម គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ទស្សនវិជ្ជា ប្រវត្តិវិទ្យា ព័ត៌មានវិទ្យា ភាសាវិទ្យា ភូមិវិទ្យា វប្បធម៌និងវិចិត្រសិល្បៈ វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាសាស្ត្រសុខាភិបាល អក្សសិល្ប៍ និងស្ថាបត្យកម្មនិងសំណង់ ដើម្បី ងាយស្រួលក្នុងការប្រើប្រាស់។
នៅក្នុងយុគសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលកំណត់យកអាទិភាពគន្លឹះ៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល»សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានខិតខំប្រឹងប្រែងធ្វើឌីជីថលនីយកម្មភាសាខ្មែរឱ្យស្របតាមយុទ្ធសាស្ត្រនេះផងដែរ។នៅក្នុងការធ្វើឌីជីថលនីយកម្មភាសាខ្មែរ ក្រុមប្រឹក្សាជាតិភាសាខ្មែរភាសាខ្មែរបានបង្កើត មូលទិន្នន័យនានារួមមានមូលទិន្នន័យវចនានុក្រមខ្មែរឆ្នាំ២០២២ មូលទិន្នន័យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសទាំង១៧ និងមូលទិន្នន័យបច្ចេកសព្ទរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរដែលបានអនុម័តនិងដាក់ឱ្យប្រើប្រាស់ នាពេលកន្លងមក។
បើតាមលោកបណ្ឌិត សុខ ទូច បានថ្លែងអំណរគុណសម្តេចវិបុលបញ្ញា សុខ អាន, លោកសាស្ត្រចារ្យ ព្រំ ម៉ុល ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបើកភ្លើងខៀវដល់លោក ដើម្បីធ្វើការកំណែទម្រង់រាជបណ្ឌិត្យសភាកម្ពុជា។ ដំណាក់កាលដំបូងនៃការធ្វើកំណែទម្រង់ គឺលោកបានធ្វើចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ មុនគេ ដោយបានអញ្ជើញអ្នកជំនាញជាច្រើនមកពិភាក្សា និងកែទម្រង់លើកិច្ចការងារជាច្រើនរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនេះ។
សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាថ្នាក់ដឹកនាំដែលគិតគូរគ្រប់បែបយ៉ាងដើម្បីជាតិនោះទេ សម្តេចក៏បានឧត្ថម្ភថវិកាជាច្រើនដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ហើយលោកបណ្ឌិត សុខ ទូច ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា៖ «ដល់ពេលហើយដែលខ្មែរ ត្រូវរៀបចំវចនានុក្រមរបស់ខ្លួនឯង សទ្ទានុក្រមខ្លួនឯង»៕