(ភ្នំពេញ)៖ លោកវេជ្ជ ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ជាស្ថាពរ គម្រោងភាពជាដៃគូក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ក្នុងចំណោមកម្មករ-កម្មការិនីរោងចក្រកាត់ដេរ របស់អង្គការរ៉ាក់ ដែលរៀបចំឡើងនៅសណ្ឋាគារតារា អ៊ែរផត។

ពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ និងមានពីតំណាងនាយកដ្ឋានពេទ្យការងារ តំណាងអង្គការដៃគូអន្តរជាតិ អង្គការក្នុងស្រុក និងតំណាងមកពីរោងចក្រសហគ្រាសនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ជាច្រើនរូប។

សូមបញ្ជាក់ដែរថា សិក្ខាសាលានេះមានគោលបំណងជាក់លាក់ដូចជា៖ រាយការណ៍ជូនអំពីលទ្ធផលរបស់គម្រោងភាពជាដៃគូក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមកម្មករកម្មការិនី រោងចក្រកាត់ដេរក្នុងឆ្នាំ២០២៣-២០២៤ និងការជូនដំណឹងនៃការបញ្ចប់គម្រោងជាស្ថាពរ និងការប្តេជ្ញាចិត្តអនុវត្តសកម្មភាពនិរន្តរ៍ភាពនៅរោងចក្រផងដែរ។

បើតាមការបញ្ជាក់ពីលោកស្រីបណ្ឌិត សាផន សុមោលីរស្មី បានឱ្យដឹងថា អង្គការរ៉ាក់បានរួមចំណែកជាច្រើនជាមួយសេវាសុខាភិបាលសាធារណៈ ក្នុងការផ្តល់សេវា ផ្តល់ការអប់រំ ជាពិសេសសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ទៅដល់ក្រុមប្រជាជនដែលមានភាពប្រឈម និងអ្នកលំបាកទទួលបានសេវាសុខភាព ដូចជា យុវវ័យ អ្នកធ្វើការនៅសេវាកំសាន្ត កម្មកររោងចក្រ កម្មករសំណង់ កម្មករនេសាទ និងប្រជាជនក្រីក្រ ដែលបាននិងកំពុងធ្វើការនៅតាមបណ្តាខេត្តក្រុងទាំង១៩ របស់អង្គការរ៉ាក់។

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី បានបញ្ជាក់ទៀតថា អង្គការរ៉ាក់ នៅតែត្រូវការពេលវេលាដ៏វែងឆ្ងាយដើម្បីអាចសម្រេចបានទៅតាមគោលនយោបាយ និងការចូលរួមទាំងអស់គ្នា ហើយការអនុវត្ត​សម្រាប់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានណែនាំដោយគោលនយោបាយថ្នាក់ជាតិផ្សេងៗពីគ្នា មានដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គោលនយោបាយប្រជាសាស្ត្រ យុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ក្រសួងសុខាភិបាល ជាដើមនោះ ក៏នៅតែទាមទារឱ្យមានការប្រតិបត្តិយ៉ាងសកម្ម។

ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លោកស្រីបណ្ឌិត បានអះអាងដែរថា អង្គការរ៉ាក់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៦ឆ្នាំរបស់ខ្លួន គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ធ្វើការផ្តោតសំខាន់លើសរសរស្តុំរបស់អង្គការរ៉ាក់ធំៗចំនួន៣ មាន១៖ បង្កើនការយល់ដឹង និងទទួលស្គាល់ពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ, ២៖ ការបង្កើនការទទួលបានការថែទាំ និងទី៣៖ ការរីកចម្រើននៃស្ថាប័ន។

លោកវេជ្ជ. ហ៊ុយ ហានសុង បានថ្លែងដែរថា ទោះបីគម្រោងនេះបានបញ្ចប់ តែការងាររបស់យើងមិនបញ្ចប់នោះទេ ព្រោះកិច្ចការងារសម័យនេះ គឺជាគោលនយោបាលថ្មីរបស់រាជរដ្ឋាភិបាលដែលផ្តោតលើមនុស្ស ដូច្នេះយើងត្រូវនិយាយផ្សព្វផ្សាយចំណេះដឹងសុខភាព បច្ចេកទេសផ្សេងៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់និងដើរឱ្យទាន់តាមសម័យកាល។

លោកវេជ្ជ. ហ៊ុយ ហានសុង បានបញ្ជាក់ទៀតថា ថ្ងៃនេះយើងនិយាយពីរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ តែយើងត្រូវនិយាយឱ្យលើសពីនេះទៅទៀតដូចជា យើងត្រូវនិយាយពីការកុំឱ្យរើសអើងស្រ្តី ឬបុរស ដោយកិច្ចការទាំងអស់គឺពាក់ព័ន្ធនៅក្នុងគ្រួសារ វាទាមទារឱ្យមានការពិភាក្សា ការកំណត់ចំនួនកូនថាត្រូវយក១ ឬ២ អាស្រ័យលើជីវិភាពក្នុងគ្រួសារអាចទទួលយកបាន ដូច្នេះយើងត្រូវនិយាយពីការរៀបចំផែនការកំណត់ឱ្យបានច្បាស់កុំឱ្យមានបញ្ហា។

លោកវេជ្ជ. ហ៊ុយ ហានសុង ក៏បានលើកសរសើពីអង្គការរ៉ាក់ ដែលបានធ្វើការផ្តល់សេវាដោយទៀងត្រង់ ផ្តល់សេវាមិនរើសអើង ផ្តល់សេវាដោយយកចិត្តទុកដាក់ និងផ្តល់សេវាមិនកេងចំណេញ ដែលជាចំណុចល្អបំផុតសម្រាប់ប្រជាជនអាចទទួលយកបាន។

លោកវេជ្ជ. ហ៊ុយ ហានសុង ក៏បានលើកពីពាក្យនិរន្តរភាព គឺខ្លួនយើងត្រូវបន្តនិរន្តរភាព អ្វីដែលអង្គការរ៉ាក់ និងអ្វីដែលមន្ទីរសុខាភិបាលបានពន្យល់យើង គឺយើងត្រូវបន្តទាំងនារី ឬបុរស​ត្រូវយល់ពីចំណេះដឹង​សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងចែករំលែកដល់គ្រួសារ ឬមិត្តភ័ក្រ្ត ដើម្បីឱ្យមានសុខុមាលភាពក្នុងគ្រួសារដោយមិនមានការរើសអើង ជាពិសេសនៅតាមភូមិឃុំ ដែលអង្គការរ៉ាក់បានជួយផ្សព្វផ្សាយ និងរដ្ឋាភិបាលជប៉ុនបានជួយថវិកាគាំទ្រលើកិច្ចការងារលើកកម្ពស់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជនេះ៕