(ភ្នំពេញ)៖ បណ្តាញកសិអេកូឡូស៊ីកម្ពុជា ( ALISEA) នឹងបន្តផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ពីការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដល់ភាគីពាក់ព័ន្ធ ជាពិសេសកសិករ ដើម្បីសុខភាពអ្នកប្រើប្រាស់ ការពារបរិស្ថាន ការបង្កើនចំណូលកសិករ និងជួយអ្នកផលិតងាយនឹងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ។
កសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្បៀងអាហារទាំងមូល រក្សាគុណភាពដីឱ្យមាននិរន្តភាព ក៏ដូចជាធ្វើឱ្យប្រសើរនូវបរិស្ថាន និងសង្គម ព្រមទាំងសេដ្ឋកិច្ចរបស់កសិករ និងសហគមន៍របស់ពួកគេ តាមរយៈការកែប្រែពីការធ្វើកសិកម្ម ដោយប្រើប្រាស់សារធាតុគីមី មកប្រើប្រាស់បច្ចេកទេសធ្វើកសិកម្មតាមបែបសេរីរាង្គ ការដាំដំណាំចម្រុះច្រើនមុខ និងចិញ្ចឹមសត្វច្រើនប្រភេទ។
ថ្លែងនៅក្នុង«សន្និបាតថ្នាក់ជាតិរបស់បណ្ដាញកសិអេកូឡូស៊ី (ALiSEA) ក្នុងឆ្នាំ២០២៤» ដែលរៀបចំឡើងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារបស់សមាជិកទាំងអស់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៤០ នៃការផ្លាស់ប្ដូរការធ្វើកសិកម្មបែបកសិអេកូឡូស៊ីនៅកម្ពុជា លោក សុខ សុថា ក្រុមប្រឹក្សាភិបាលទទួលបន្ទុកគោលនយោបាយ នៃបណ្តា ALISEA បានលើកឡើងថា បច្ចុប្បន្ននិងទៅអនាគត កសិអេកូឡូស៊ី នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព បរិស្ថានប្រកបដោយនិរន្តរភាព និងសុខភាព។
លោកបន្តថា«យើងបានបន្តការងាររបស់យើងលើការផ្លាស់ប្តូរចំណេះដឹង ការចែករំលែកបទពិសោធន៍ ។ល។ តាមរយៈសិក្ខាសាលា ការបណ្តុះបណ្តាល និងការទំនាក់ទំនងតាមប្រព័ន្ធឌីជីថល ដូចជា តេឡេក្រាម ការហៅតាមទូរស័ព្ទ អ៊ីមែល ហ្វេសប៊ុក និងគេហទំព័រជាដើម។ យើងបានធ្វើការប្រជុំក្រុមប្រឹក្សាភិបាល ប្រចាំខែរបស់យើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងផែនការសកម្មភាពបន្តបន្ទាប់ រួមទាំងសកម្មភាពយុទ្ធសាស្ត្ររបស់បណ្តាញ ផងដែរ»។
លោកបន្ថែមថា ALiSEA បានកំណត់អាទិភាពសំខាន់ៗចំនួនបី ក្នុងការផ្លាស់ប្តូរ ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខ លើការកសាងសមត្ថភាព ទីផ្សារ និង គោលនយោបាយ។ លោកជឿជាក់ថាចក្ខុវិស័យរបស់បណ្តាញនៅឆ្នាំ ២០៤០ នឹងសម្រេចបាន ១). កសិករ ៧៥% ស្គាល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី, ៥០% អនុវត្តការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី, ២). ៥០% នៃកសិករសរុបក្នុងប្រទេសកម្ពុជា នឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ៣). ការអនុវត្តន៍ទំរង់ ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី នានា នឹងត្រូវបានទទួលស្គាល់ និង ៤). មានគោលនយោបាយជាក់លាក់ ដើម្បីគាំទ្រសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹង ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីផងដែរ។
កញ្ញា សុខ ច័ន្ទរស្មី លេខាធិការបណ្តាញALiSEA បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាញALiSEA មានសមាជិកប្រមាណ៧៧ស្ថាប័ន ដែលបាននិងកំពុងធ្វើការងារចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងសមត្ថភាពក្នុងការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ីទៅកាន់សមាជិក និងកសិករ។
កញ្ញាបានឱ្យដឹងបន្តថាខេត្តចម្បងៗដែលបាននឹងកំពុងអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី មានដូចជាបាត់ដំបង ប៉ៃលិន សៀមរាប និងព្រះវិហារជាដើម។ កញ្ញាសង្កេតឃើញថា កសិករដែលបានអនុវត្តកសិអេកូឡូស៊ីរកបានប្រាក់ចំណូលល្អប្រសើរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលជាផ្អែកមួយជួយដល់កសិករ។
កញ្ញាលើកឡើងទៀតថា «យើងសង្ឃឹមថាកសិករនៅកម្ពុជា នឹងបង្កើនការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី និងបន្តចែករំលែកទៅដល់កសិករផ្សេងទៀត។ ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីមិនត្រឹមតែជួយដល់កសិករក្នុងការធ្វើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយទៅដល់បរិស្ថានផងដែរ។ អ៊ីចឹងយើងសង្ឃឹមថាគាត់ នឹងជ្រួតជ្រាប និងអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី។ បើទោះបីជាសមាជិករបស់យើងមានតែ៧៧ស្ថាប័ន ប៉ុន្តែក៏មានស្ថាប័នផ្សេងទៀតដែលចង់ចូលជាសមាជិកក្នុងបណ្តាញ ក្នុងការអនុវត្តកសិអេកូឡូស៊ីផងដែរ»។
កញ្ញាបន្ថែមថា ផែនការបន្ទាប់ បណ្តាញALiSEA ចង់ជំរុញឱ្យការគាំទ្រពីអ្នករៀបចំគោលនយោបាយថ្នាក់ជាតិ ដើម្បីជំរុញការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ីឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់និស្សិតដែលកំពុងរៀនជំនាញកសិកម្មនៅសាកលវិទ្យាល័យមួយចំនួន អនុវត្តផងដែរ។
លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៃអង្គការ ហ្រ្គេត (GRET) នៅកម្ពុជា លើកឡើងដែរថា ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេសធ្វើកសិកម្មថ្មីមួយ នឹងជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងការធ្វើការកសិកម្មតាមបែបគីមី។ ជាមួយគ្នានេះ ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ ក៏នឹងធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារនៅក្នុងសហគមន៍ និងធានាបានប្រាក់ចំណូលទៀងទាត់សម្រាប់កសិករ។ ហេតុដូច្នេះហើយ បានជាបណ្ដាញ ALiSEA បានដាក់ចេញនូវផែនការជំរុញ និងបណ្តុះបណ្តាលកសិករនៅកម្ពុជា ឱ្យអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ីឱ្យបានទូលំទូលាយ។
លោកបន្តថា ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីនេះ ក៏ទទួលបានចាប់អារម្មណ៍កសិករនៅប្រទេសឡាវ និងវៀតណាមផងដែរ។
បើតាម លោក ប៉ាត សុវណ្ណ ALiSEA គឺជាបណ្ដាញដែលចូលរួមពីសហភាគីពាក់ព័ន្ធចំរុះ ដូចជាវិស័យឯកជន រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងអង្គការកសិករ ក្នុងទិសដៅផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តកសិអេកូឡូស៊ី ឱ្យបានកាន់តែទូលំទូលាយ។ បណ្ដាញ ALiSEA ថ្នាក់តំបន់មាន ចំនួន៤ ប្រទេស កម្ពុជា ឡាវ វៀតណាម និងភូមា ដែលមានសមាជិកសរុប ២៣៨ ស្ថាប័ន៕