(ភ្នំពេញ)៖ លោក Andrey Klimov អនុប្រធានគណៈកម្មការអចិន្រ្តៃយ៍ មហាសន្និ​បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP (រុស្ស៉ី) និងលោក Theo Sambuaga សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (ឥណ្ឌូនេស៉ី) បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គវគ្គ៣ ក្រោមប្រធានបទ៖ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។

សម័យប្រជុំពេញអង្គវគ្គ៣ មហាសន្និបាត ICAPP លើកទី១២ មានលោក Masroor Mawla សមាជិកគណៈអចិន្ត្រៃយ៍ ICAPP (បង់ក្លាដែស) ជាអ្នករាយការណ៍ និងលោកបណ្ឌិត ចាប សុថារិទ្ធ សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជាលេខាធិការ។

សូមជម្រាបថា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈមហាសន្និ​បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តា​គណបក្សនយោ​បាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នឹងជួបជុំគ្នាលើទឹក​ដី​កម្ពុជា ដើម្បីបើកកិច្ច​ពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជា​ប្រធាន​បទ​ដ៏សំខាន់ឆ្លើយ​តបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយ​ជម្លោះ។

ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនា​ខាង​នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោ​បាយ​នានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង​៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណ​បក្សនយោបាយនៅ​អាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០៕