(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វែតែល រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក ត្រិន ថាញ់មិន ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។

សម្តេចបានបន្តទៀតថា ដំណើរទស្សនកិច្ចនាពេលនេះ មិនត្រឹមជាការបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតប៉ុណ្ណោះទេ តែដើម្បីចូលរួមនូវព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖

*ពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា
*ចូលរួមមហាសន្និបាត នៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២
*ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក ត្រិន ថាញ់មិន បានលើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានសភាវៀតណាម បានលើកទឹកចិត្តដល់ប្រទេសទាំងពីរ ដែលមានទាំងវិស័យរដ្ឋ និងវិស័យឯកជន ត្រូវរួមគ្នាកាន់តែសកម្មឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ឱ្យកាន់តែជិតស្និទឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពង្រឹងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីឲ្យកាន់តែមានភាពជិតស្និតមួយកម្រិតទៀត។

នៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ សមាគមមិត្តភាព នៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នានៅខេត្តកែប។ សម្តេចក៏បានជូនពរឲ្យលោក ត្រិន ថាញ់មិន និងគណៈប្រតិភូ ទទួលបានការស្នាក់នៅ ប្រកបដោយផាសុខភាព ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា និងត្រឡប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕