(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ៦បន្ទប់ និងទីចាត់ការ ១ខ្នង នៅអនុវិទ្យាល័យ មាឃបី ស្ថិតក្នុងភូមិមាឃបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ជាគោលការណ៍របស់រដ្ឋាភិបាល មកដល់ពេលនេះ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ថ្នាក់ដឹកនាំ ប្រធានក្រុមការងា គ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែង បំពេញការងាររបស់ខ្លួន អស់ពីសមត្ថភាព លទ្ធភាព ដើម្បីនាំមកនូវការរីកចម្រើន លើគ្រប់វិស័យ និងផ្តល់សេចក្តីសុខ ភាពសម្បូររុងរឿង ជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯកបានបន្ថែមថា ក្នុងអាណត្តិនេះ សេដ្ឋកិច្ច គឺជាអាទិភាព ពោលប្រសិនបើសេដ្ឋកិច្ចដើរល្អ ជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើង។ ប៉ុន្តែដើម្បីឲ្យសេដ្ឋកិច្ចមានដំណើរការល្អ គឺយើងត្រូវការគិតគូរអំពីសន្តិភាព ជាមុនសិន ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើប្រទេសអត់មានសន្តិភាពទេនោះ អ្វីៗក៏ពិបាកនិងកសាងផងដែរ។ ជាពិសេសការប្រកបរបបផ្សេងៗ និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សជាដើម។

ដូច្នេះហើយយើងទាំងអស់គ្នា ទោះជាមន្ត្រីជួយរដ្ឋាភិបាល ជានិស្សិតក៏ដោយ ឬជាប្រជាពលរដ្ឋក៏ដោយ គឺត្រូវការចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ដើម្បីធ្វើឲ្យប្រទេសជាតិ របស់យើង មានការអភិវឌ្ឍន៍លើកគ្រប់វិស័យបន្ថែមទៀត៕