(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សិក្សាដោយមិនបង់ប្រាក់រយៈពេល៤ឆ្នាំ ដល់និសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ឆ្នាំសិក្សា២០២៣-២០២៤ ដែលមានជីវភាពខ្វះខាតក្នុងការបន្តការសិក្សានៅទីក្រុងភ្នំពេញ។

លោក ឃិន ញ៉ាណ បានថ្លែងដោយការរំភើបសប្បាយរីករាយជាមួយនិស្សិត ក៏ដូចជាមាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានទទួលអាហាររូបករណ៍សិក្សារយៈពេល៤ឆ្នាំ ដោយមិនបង់ប្រាក់នៅវិទ្យាស្ថាន ខេអាយ អាយ ស៊ី ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ។

លោកថ្លែងបញ្ជាក់ថា ក្រៅពីសិក្សារយៈពេល៤ឆ្នាំ ដោយមិនបង់ប្រាក់ ធ្វើឱ្យយើងបានចូលរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗជាច្រើនទៀត ពិសេសធ្វើឱ្យយើងមានឱកាសបានជួយធ្វើកិច្ចការឪពុកម្តាយនៅផ្ទះ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារថែមទៀតផង។

ក្នុងនាមអាណាព្យាបាល ក្នុងនាមនិស្សិត ដែលទទួលបានអាហាររូបកណ៍នៅពេលនេះ លោក ឃិន ញ៉ាណ បានថ្លែងនូវការអរគុណយ៉ាងធំធេងដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន ខេអាយ អាយ ស៊ី ដែលបានផ្តល់អាហាររូបករណ៍ ១០០% ដល់លោកសម្រាប់លោកផ្តល់ជូនកូនចៅប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ និងអាជ្ញាធរខេត្តឧត្តរមានជ័យ។

លោក ឃិន ញ៉ាណ បានផ្តាំផ្ញើនិស្សិតទាំងអស់ដែលទទួលបានអាហាររូបករណ៍នៅថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រទ្វេរដង ដើម្បីឱ្យខ្លួនយើងក្លាយជាធនធានមនុស្សដ៍មានតម្លៃ ក្លាយជាបញ្ញាវ័នខ្លាំងពូកែ ដើម្បីអនាគតខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង ពិសេសដើម្បីបន្តចូលរួមអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យយើងឱ្យការតែមានការរីកចម្រើនគ្រប់វិស័យថែមទៀត៕