(កោះកុង)៖ លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ នៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង បានជួបប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងខុសច្បាប់គ្រប់ប្រភេទ ដោយមានការចូលរួមពីអាជ្ញាធរក្រុងស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ម៉ី ច័ន្ទវាសនា បានឱ្យដឹងថា គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន២ក្រុមហ៊ុន និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន៤សាខា និងដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន១ក្រុមហ៊ុន ព្រមទាំងបានបញ្ចប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង៩០ផងដែរ។

ដោយឡែកលោក ហាក់ ឡេង បានថ្លែងថា អាជ្ញាធរខេត្តក្រុងស្រុក និងសមត្ថកិច្ចជំនាញ តែតាមដានបង្រ្កាប ទប់ស្កាត់រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ដូចភ្លៀងរលឹម ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាអ្នកញៀនទាំងនោះ តែលបលួចល្បែងស៊ីសងខុសច្បាប់នៅទីតាំងដែលបិទបាំងជិត។

អភិបាលរងខេត្តកោះកុង ប្តេជ្ញាចិត្តថា នឹងបង្កើនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ។
ស៊ើបអង្កេតនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កើតយន្តការសម្រាប់រាយការណ៍ និងធ្វើរបាយការណ៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ដើម្បីភូមិឃុំមានសុវត្តិភាព។

មន្ត្រីជំនាញ បានលើកឡើងដែរថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះតាមមូលដ្ឋានធ្វើការផ្សព្វផ្សាយអប់រំរាល់ខែ និងធ្វើការល្បាត់រាល់ថ្ងៃថែនាំឲ្យប្រជាពលរដ្ឋចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីភូមិឃុំមានសុវត្ថិភាព និងការអំពើហិង្សាក្នុងគ្រួសារ៕