(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តាប្រទេសទាំងអស់មានការព្រួយបារម្ភអំពីការបង្កើតព័ត៌មានក្លែងក្លាយ ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិមិត្ត (AI) ប៉ុន្តែ រដ្ឋភិបាល បានប្តេជ្ញាសហការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីផលប៉ះពាល់ដែលចេញមកពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដល់សង្គមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បណ្តាលសមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព» បានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាធំ ហើយជាគ្រោះថ្នាក់បើសិនជាមិនបានគ្រប់គ្រងបានល្អនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព របស់ប្រទេស តំបន់ និងពិភពលោកតែម្តង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងដំណោះស្រាយចំពោះមុខ មធ្យម និងរយៈពេលវែង គឺយើងបានផ្តោតពាក់ព័ន្ធជាមួយនឹងការរៀបចំនូវយន្តការក្នុងតាមដាន ក៏ដូចជាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើតនូវរបៀបប្រព័ន្ធនៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន (Verify) និងការផ្តល់នូវការបណ្តុះបណ្តាល ពន្យល់ប្រជាពលរដ្ឋ ឱ្យបានយល់ថាតើអ្វីទៅហៅថា Fake News (ព័ត៌មានក្លែងក្លាយ)​ ហើយតើយើងត្រូវធ្វើការប្រយុទ្ធប្រឆាំងយ៉ាងដូម្តេច? ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផល «មហាសន្និបាត ICAPP លើកទី១២ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានលើកឡើងយ៉ាងដូច្នេះ៖ «ពីព្រោះថា បញ្ហាព័ត៌មានក្លែងក្លាយនេះ តាមអ្វីដែលយើងបានស្តាប់នៅក្នុងវេទិកាសារព័ត៌មាន ICAPP លើកទី៧ គឺបណ្តាប្រទេសទាំងអស់ មានការជួបប្រទះទៅនឹងបញ្ហាទាំងអស់ហ្នឹង នៅពេលដែលមានការរីកច្រើនខាងផ្នែកបច្ចេកវិទ្យា ហើយអ្វីដែលជាការព្រួយបារម្ភទៅមុខ គឺពាក់ព័ន្ធនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលនឹងធ្វើឱ្យមានកម្រិតខ្ពស់នៃគ្រោះថ្នាក់ និងកាន់តែព្រួយបារម្ភពាក់ព័ន្ធនឹង Fake News នេះដែរ»។

ចំពោះក្តីព្រួយបារម្ភពីបញ្ហាព័ត៌មានក្លែងក្លាយដែលបណ្តាលមកពីភាពរីកចម្រើនៃប្រព័ន្ធបច្ចេកវិទ្យានេះដែរ, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា បណ្តាប្រទេសទាំងអស់ បានប្តេជ្ញាសហការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស ដើម្បីចាត់វិធានការ ក៏ដូចជាសហការគ្នាក្នុងការទប់ស្កាត់ លុបបំបាត់ព័ត៌មានក្លែងក្លាយនេះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ចំពោះករណីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាផ្នែកមួយដែលត្រូវបានប្រើប្រាស់ទៅលើការបង្កើតនូវព័ត៌មានក្លែងក្លាយ ដើម្បីឱ្យមានការភ័ន្តច្រឡំ ក៏ដូចជាបំភ្លើសធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃការថែរក្សាសន្តិភាព ស្ថិរភាព។

អ៊ឹចឹងអ្វីដែលយើងប្តេជ្ញាចិត្តរួមគ្នា គឺទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការរៀបចំយន្តការច្បាស់លាស់ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ពីផលប៉ះពាល់ដែលចេញមកពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា៕