(ភ្នំពេញ)៖ លោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAP និងជាអ្នករាយការណ៍ពិសេស ICAPP បានកោតសរសើរអំពីបទពិសោធន៍ក្នុងការផ្សះផ្សាជម្លោះផ្ទៃក្នុងហើយកសាងសន្តិភាព មកដល់សព្វថ្ងៃ ដែលជាបទពិសោធន៍ដ៏សំខាន់ សម្រាប់ជាគំរូដល់ពិភពលោកសិក្សា និងដកបទពិសោធន៍។

ថ្លែងនៅក្នុងសន្និសីទបង្ហាញលទ្ធផល «មហាសន្និបាត ICAPP លើកទី១២ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Mushahid Hussain Sayed បានលើកឡើងថា ប្រទេសកម្ពុជា មានបទពិសោធន៍ពិសេស ក្នុងការកសាងសន្តិភាព និងការផ្សះផ្សារ គឺអស្ចារ្យ ខុសប្លែកពីប្រទេសនានា ដែលក្នុងនោះកងកម្លាំងដែលមិនត្រូវគ្នា (កន្លងទៅ) ត្រូវបានប្រមូលផ្តុំមករួបរួមជាមួយគ្នា ដើម្បីចូលតុចរចា ធ្វើការពិគ្រោះយោបល់ រកចំណុចឯកភាពរួមគ្នាហើយ ហើយចុងក្រោយចូលរួមជាមួយគ្នា ​នេះជាលក្ខណៈពិសេសរបស់កម្ពុជា ដែលគំរូនេះ មានលក្ខណៈសំខាន់។

លោកបានបន្តថា លោកមកពីប្រទេសប៉ាគីស្ថាន ប្រទេសប៉ាគីស្ថាន និងប្រទេសអ៉ីរ៉ាក់ គឺដូចគ្នា មានជម្លោះកើតឡើង ហើយប៉ាគីស្ថានបានដកចេញកម្លាំងតាលីបង់ និងនៅអឺរ៉ាក់ មិនមានការរួបរួមដូចកម្ពុជាទេ កម្ពុជាគឺមានបរិយាបណ្ណ។

លោកបានបញ្ជាក់ទៀតថា កម្ពុជាមានលក្ខណៈខុសប្លែកពីគេផងដែរ ដំបូងចាប់ផ្តើមដោយនាយករដ្ឋមន្រ្តីពីររូប ក្រោយមកនៅដល់តែ១រូប ដែលនេះជាដំណើរការពិសេសរបស់កម្ពុជា។ បានបង្កើតគំរូមួយ ដែលកើតចេញពីគំនិត របស់ខ្មែរ ដែលមានលក្ខណៈពិសេស ហើយមានការវាយតម្លៃខ្ពស់ពីប្រទេសនានា។ គេកំពុងសិក្សាពីប្រទេសកម្ពុជានូវគំរូកសាងសន្តិភាព និងការផ្សះផ្សា៕