(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជា បានថ្លែងថា តាមរយៈ​កិច្ចប្រជុំ ICAPP លើកទី១២ ​ គំរូនៃសន្តិភាព និងការផ្សះផ្សានៅកម្ពុជា អាចនឹងត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកគំរូនេះទៅកាន់បណ្តាប្រទេសផ្សេងៗ។

លោក សួស យ៉ារ៉ា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល «មហាសន្និបាត ICAPP លើកទី១២ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅវិមាន៧មករា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបានថ្លែងថា​ មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែល​រៀបចំឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានសង្កត់ធ្ងន់ទៅលើតម្លៃ និងមាគ៌ារបស់អាស៊ីដែលមានភាពចម្រុះ ដែលការទទួលស្គាល់នូវភាពចម្រុះនេះហើយទើបបណ្តាលឱ្យមានសន្តិភាពយូរអង្វែង។

ជាមួយគ្នា កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល​ ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារទៅជូនគណៈប្រតិភូដែលមកពីបណ្តាប្រទេសផ្សេងៗ ឬតំបន់ផ្សេងៗ។

​លោកបន្ថែមថា «យើងចង់អំពាវនាវឱ្យមានការចូលរួមនៅក្នុងជាសកលមួយដើម្បីបង្កើននូវសំឡេង និងវប្បធម៌នៃសន្តិភាពឱ្យមានការរីកដុះដាល ចាប់ពីសង្គមតូចៗទៅរហូតដល់សង្គមធំ រហូតដល់ប្រទេស រហូតដល់សហគមន៍ ដូចជាសហគមន៍អាស៊ាន»

​ទន្ទឹមគ្នានេះ តាមរយៈកិច្ចប្រជុំនេះ ​ថែមទាំងបានផ្តោតទៅលើទស្សនៈវិជ្ជាដែលមានពី​ប្រមាណពី៥០ឆ្នាំទៅ៧០ឆ្នាំមុន ដើម្បីសន្តិភាព ដូចជា ទស្សនៈវិស័យបានដុង ទស្សនៈវិស័យនៃគំនិតផ្តួចផ្តើមផ្សេងៗរបស់ពិភពលោក ​បញ្ចូលមកក្នុងការរស់នៅធ្វើម៉េចឱ្យគោរពបានគោលការណ៍ទាំង៥នៃសន្តិសហវិជ្ជមាន។

លោកមានប្រសាសន៍ថា ចំណុចមួយទៀតដែលសំខាន់បំផុតនោះ គឺ​សន្តិភាពមិនអាចត្រឹមតែអវត្តមាននៃសង្រ្គាមនោះទេ តែព័ត៌មានក្លែងក្លាយក៏វាអាចបង្កើតសង្រ្គាមបានដែរ ដូច្នេះហើយបានជាលោករដ្ឋមន្រ្តី នេត្រ ​ភក្ត្រាបានដឹកនាំវេទិកាពិសេសមួយនិយាយអំពីសុចរិតភាពនៃព័ត៌មាន។ សុចរិតភាពនៃព័ត៌មាន គឺជាមូលដ្ឋានសំខាន់ ដើម្បីផ្តល់ឱ្យសន្តិភាពមានភាពយូរអង្វែង​៕