(អានហ៊ួយ, ចិន)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយលោក Ma Wange លេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យអានហ៊ួយ Jianzhu ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលនិស្សិត អ.ម.ត នៅក្នុងសាកលវិទ្យាល័យ និងនាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ជូនសាកលវិទ្យាល័យ។

ក្នុងឱកាសនៃកិច្ចពិភាក្សាលោក Ma Wange លេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យ បានកោតសរសើរអំពីលទ្ធផលការងារ របស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងសមាគម អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោកបន្តថា និស្សិត អ.ម.ត នឹងទទួលបានភាពកក់ក្តៅតាមរយៈ ការទទួលអាហារូបករណ៍ អ.ម.ត មកបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ លោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការជួយបណ្តុះបណ្តាល និស្សិត អ.ម.ត នៅក្នុងសាកលវិទ្យាល័យឱ្យទទួលបានជោគជ័យ ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមបញ្ជាក់ថា មាននិស្សិត អ.ម.ត ចំនួន៧រូប កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ Jianzhu ដែលទើបទទួលបានអាហារូបករណ៍ក្នុងឆ្នាំ២០២៤៕