(អានហ៊ួយ, ចិន)៖ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៥៧រូប ដែលកំពុងសិក្សានៅខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសមាគមពាណិជ្ជកម្ម អានហ៊ួយនៅកម្ពុជា។

ក្នុងឱកាសនោះលោក បានពាំនាំ និងផ្តាំផ្ញើការសួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ឱ្យទទួលបានលទ្ធផលល្អពូកែជាអាទិភាពដំបូង និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរវាងនិស្សិតខ្មែរ ចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជា ទៅកាន់មិត្តភក្តិបរទេស ជាពិសេសសុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕