(ភ្នំពេញ)៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ-សៅរ៍ ៦-៧-៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការយាង-និមន្ត និងអញ្ជើញចូលរួមសរុបចំនួន ១ ២០០ អង្គ/នាក់។
អង្គមហាសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុសផុល ទៅលើរបាយការណ៍បញ្ហាប្រឈម សំណូមពរដំណោះស្រាយ ទិសដៅអនុវត្តបន្ត សំណើ និងអនុសាសន៍ផ្សេងៗ ហើយបានឯកភាពសម្រេចដាក់ចេញនូវសង្ឃប្រកាស ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍតាមរយៈវគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទីភារកិច្ច។
២៖ រៀបចំយន្តការ និងនីតិវិធីនៃអាសនានុក្រម សម្រាប់មន្ត្រីសង្ឃ និងការរៀបចំសំណង់ ចេតិយ៍ ផ្នូរ និងម៉ុងក្នុងវត្តអារាម។
៣៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម មានកាតព្វកិច្ចរៀបចំអប់រំបព្វជិត ភិក្ខុ-សាមណេរ ដែលបួសក្នុងសំណាក់ពុទ្ធសាសនា ឱ្យស្ថិតក្នុងគោលការណ៍ ៣គឺ៖
* ព្រះបរិយត្តិសាសនា បានដល់ការរៀនសូត្រពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ព្រមទាំងវិជ្ជាផ្លូវលោក វិជ្ជាផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សាគ្រប់កម្រិត
* ព្រះបដិបត្តិសាសនា បានដល់ការបដិបត្តិសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន សីល សមាធិ បញ្ញា ឱ្យស័ក្តិសមជាសមណៈ។ ភិក្ខុសង្ឃត្រូវចូលរួមធ្វើឧបោសថកម្មរៀងរាល់ ២ដង ក្នុងមួយខែឱ្យបានគត់មត់ ដោយឡែក សាមណេរត្រូវសមាទានសីលរៀងរាល់ ៤ដង ក្នុងមួយខែ ដើម្បីញ៉ាំងសីលរបស់ខ្លួនឱ្យល្អបរិសុទ្ធគួរជាទីជ្រះថ្លា
* ព្រះបដិវេធសាសនា បានដល់ការសម្រេចបាននូវប្រយោជន៍ទាំងបី គឺ ទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ និងបរមត្ថប្រយោជន៍។
៥៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម បន្តពង្រឹងនិងពង្រីកសាលាធម្មវិន័យ និងពុទ្ធិកសិក្សា តាមរយៈការរៀបចំ យន្តការគាំទ្រនិងលើកទឹកចិត្ត ទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងចាត់ទុកពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។
៦៖ បង្កើតយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តសង្ឃប្រកាស និងគ្រប់គ្រងសណ្តាប់ធ្នាប់សង្ឃ សំដៅលើកកម្ពស់គុណតម្លៃបព្វជិតពុទ្ធសាសនា ឱ្យតាំងមាំក្នុងត្រៃសិក្ខា។ ការបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍ត្រូវធ្វើឱ្យស្រប តាមច្បាប់រដ្ឋ និងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិ អនុញ្ញាត ដែលមានគម្ពីរព្រះត្រៃបិដកជាគោល។
៧៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមាន ការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈ ឱ្យបានជ្រួតជ្រាបដល់សាធារណជន និងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងសម្ភារៈ ដល់ជនគ្មានទីពឹង ជាពិសេសចំពោះបរិស័ទ ដែលជួបគ្រោះមហន្តរាយផ្សេងៗ៕